រុរុមិគជាតកទី ៩
( ព្រះបាទព្រហ្មទត្តប្រកាសថា ) នរណាប្រាប់ ម្រឹគនោះ ជាម្រឹគដ៏ឧត្តមជាងម្រឹគទាំងឡាយដល់យើង យើងនឹង ឲ្យស្រុកសួយ និងនាងនារីដែលស្អិតស្អាងហើយដល់អ្នកនោះ ។ ( សេដ្ឋីបុត្រក្រាបទូលថា ) សូមព្រះអង្គប្រទាន ស្រុកសួយ និងពួកនាងនារីដែលស្អិតស្អាងដល់ទូលព្រះបង្គំជាខ្ញុំ ចុះ ទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលម្រឹគនោះ ជាម្រឹគដ៏ឧត្តមជាង ម្រឹគទាំងឡាយដល់ព្រះអង្គ ។ ដើមស្វាយ និងដើមសាលព្រឹក្ស ក្នុងដងព្រៃនុ៎ះ មាន ផ្ការីក ( ផែនដី ) ដ៏ដេរដាសដោយស្មៅ មានសម្ផស្សស្រួល មានពណ៌ក្រហម ដូចជាសម្បុរនៃសត្វមេភ្លៀង ម្រឹគនុ៎ះ ឋិតនៅ ក្នុងដងព្រៃនោះ ។ ( អភិសម្ពុទ្ធគាថា ) ព្រះបាទព្រហ្មទត្តទ្រង់យឺត ព្រះទម្រង់កៅទណ្ឌ ផ្ទាប់កាំសរ ហើយស្តេចចូលតម្រង់ទៅ ឯ ម្រឹគក្រឡេកឃើញព្រះរាជាហើយ ក៏ទូលអង្វរពីចម្ងាយថា បពិត្រ មហារាជ សូមព្រះអង្គឈប់សិន បពិត្រព្រះអង្គប្រសើរក្នុងរថ សូមព្រះអង្គកុំបាញ់ទូលព្រះបង្គំជាខ្ញុំឡើយ នរណាអេះ បានក្រាប ទូលដំណើរនេះដល់ព្រះអង្គថា ម្រឹគនុ៎ះ ឋិតនៅក្នុងដងព្រៃនុ៎ះ ។ ( ព្រះរាជា … ) នែសម្លាញ់ បុរសជាអ្នកប្រព្រឹត្ត អំពើលាមកនុ៎ះ ឋិតនៅអំពីចម្ងាយ បុរសនោះបានប្រាប់ដំណើរ នេះដល់យើងថា ម្រឹគនុ៎ះ ឋិតនៅក្នុងទីនុ៎ះ ។ ( ប្រើសមាសពោធិសត្វ … ) បានឮមកថា នរជន ពួកខ្លះ ក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា កំណាត់ ឈើដែលគេស្រង់ឡើង ប្រសើរជាង ឯនរជនពួកខ្លះ ដែលគេ ស្រង់ឡើង មិនប្រសើរទេ ។