សាលិកេទារជាតកទី ១
( បុរសអ្នករក្សាស្រែពោលថា ) បពិត្រកោសិយៈ ស្រូវ សាលីក្នុងស្រែបរិបូណ៌ដែរ តែពួកសេកតែងស៊ី បពិត្រព្រហ្ម ខ្ញុំសូមជម្រាប លោក ខ្ញុំមិនអាចហាមឃាត់សេកទាំងនោះបានឡើយ បណ្តាសេកទាំងនោះ មានសេកមួយដែលល្អដោយចំណែកទាំងពួងជាងសេកទាំងនោះ ស៊ីនូវស្រូវ សាលីតាមសេចក្តីប្រាថ្នារួចហើយ ក៏ពាំស្រូវដោយចំពុះហើរទៅទៀត ។ ( សាលិន្ទិយព្រាហ្មណ៍កោសិយគោត្តពោលថា ) ជនទាំងឡាយ ចូរដាក់អន្ទាក់ធ្វើដោយកន្ទុយសត្វ បក្សីនោះនឹងជាប់ ចូរអ្នកចាប់វាទាំងរស់ នាំមកក្នុងសំណាក់នៃអញ ។ ( ស្តេចសេកពោលថា ) បក្សីទាំងនុ៎ះ ស៊ីផងផឹកផង ហើយ ហើរចេញទៅ អាត្មាអញម្នាក់ឯងជាប់អន្ទាក់ហើយ អាត្មាអញធ្វើហើយនូវ អំពើលាមកដូចម្តេច ។ ( ព្រាហ្មណ៍… ) ម្នាលសេក ពោះសេកទាំងឡាយដទៃ ( ជាពោះ តូចល្មម ) ដោយពិត ( ចំណែកខាងពោះ ) របស់អ្នក ជាពោះធំជ្រុល ពេក បានជាអ្នកស៊ីស្រូវសាលីតាមសេចក្តីប្រាថ្នារួចហើយក៏ ពាំយកស្រូវ ដោយចំពុះហើរទៅ ។ ម្នាលសេក អ្នកបំពេញជង្រុកក្នុងព្រៃរកានោះឬ ឬក៏ អ្នកចងពៀរនឹងយើង ម្នាលសម្លាញ់ យើងសួរហើយ អ្នកចូរប្រាប់ អ្នកកប់ ស្រូវសាលីទុកក្នុងទីណា ។ ( ស្តេចសេក… ) ខ្ញុំមិនចងពៀរជាមួយនឹងអ្នកទេ ជង្រុករបស់ ខ្ញុំក៏មិនមានដែរ ខ្ញុំដោះបំណុលផង ឲ្យបុលផង ខ្ញុំហើរទៅដល់ចុងរកា ក៏កប់ កំណប់ទុក ក្នុងព្រៃរកានោះ បពិត្រកោសិយៈ អ្នកចូរជ្រាបយ៉ាងនេះចុះ ។ ( ព្រាហ្មណ៍… ) ការឲ្យបុលរបស់អ្នកដូចម្តេច ការដោះ បំណុលដូចម្តេច អ្នកចូរប្រាប់នូវការកប់កំណប់ កាលបើដូច្នោះ អ្នកនឹងរួច ចាកអន្ទាក់ ។