អដ្ឋកថា សាលិកេទារជាតកទី ១
[ ១-១១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុចិញ្ចឹម មាតា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សម្បន្នំ សាលិកេទារំ ដូច្នេះជាដើម ។ ផ្ទៃរឿងនឹងមានច្បាស់ក្នុងសាមជាតក ( សុវណ្ណសាមជាតក ) ។ ព្រះសាស្តាត្រាស់ឲ្យហៅភិក្ខុនោះមកសួរថា ម្នាលភិក្ខុ បានឮថា អ្នកចិញ្ចឹម គ្រហស្ថឬ កាលភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ពិតហើយ ព្រះសាស្តា ក៏ត្រាស់សួរថា គ្រហស្ថទាំងនោះជាអ្វីរបស់អ្នក កាលភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ជាញោមស្រី ញោមប្រុសរបស់ខ្ញុំព្រះអង្គ ព្រះសាស្តាត្រាស់ ថា សាធុភិក្ខុ ទោះបីបណ្ឌិតក្នុងកាលមុន ជាសត្វតិរច្ឆាន កើតក្នុងកំណើតបក្សី ក៏ឲ្យមេនិងបាដែលចាស់ហើយ ដេកក្នុងសម្បុក ហើយពាំអាហារមកដោយ ចំពុះចិញ្ចឹមបាន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះ ថា ក្នុងអតីតកាល ព្រះបាទមគធរាជ សោយរាជសម្បត្តិក្នុងនគររាជគ្រឹះ ។ កាលនោះ នាទិសសានព្រះនគរ មានស្រុកព្រាហ្មណ៍ឈ្មោះថា សាលិន្ទិយៈ ។ ក្នុងទិសសាននៃស្រុកនោះ ជាស្រែចម្ការរបស់អ្នកមគធៈ ។ ក្នុងទីនោះ ព្រាហ្មណ៍កោសិយគោត្ត អ្នកសាលិន្ទិយៈ កាច់ស្រែទុកប្រមាណ ១ ពាន់ ករីសៈ ហើយព្រោះស្រូវសាលី ។ កាលសន្ទូងដុះឡើងហើយ ព្រាហ្មណ៍ឲ្យ មនុស្សធ្វើរបងយ៉ាងរឹងបុឹង ចែកឲ្យបរិស័ទរបស់ខ្លួននោះឯង មើលថែរក្សា អ្នកខ្លះ ៥០ ករីសៈ អ្នកខ្លៈ ៦០ ករីសៈ រហូតអស់ប្រមាណ ៥០០ ករីសៈ ចំណែកដ៏សេស ៥០០ ករីសៈទៀត ព័ទ្ធរបងឲ្យអ្នកស៊ីឈ្នួលម្នាក់ មើលថែរក្សា ។ កូនឈ្នួលសង់ខ្ទមត្រង់នោះ នៅជាប្រចាំ ទាំងពេលយប់និងពេល ថ្ងៃ ។