មហាឧក្កុសជាតកទី ៣
( ខ្លែងញីពោលថា ) ម្នាលខ្លែងឈ្មោល ពួកអ្នកជនបទ ចងគប់ភ្លើងទាំងឡាយក្នុងកោះតូចៗ ប្រាថ្នានឹងស៊ីនូវកូនតូចៗរបស់ខ្ញុំ អ្នកចូរ ហៅនូវមិត្តផង សម្លាញ់ផង អ្នកចូរក្រាបទូលនូវសេចក្តីវិនាសរបស់ពួកបក្សី ជាញាតិ ( នៃយើងដល់ស្តេចអកផង ) ។ ( ខ្លែងឈ្មោលក៏ទៅក្រាបទូលស្តេចអកថា ) បពិត្រស្តេចអក ព្រះអង្គជាទិជជាតិផង ជាបក្សីប្រសើរជាងពួកទិជជាតិផង ខ្ញុំសូមយកព្រះអង្គ ជាទីពឹង ដ្បិតពួកអ្នកជនបទអាក្រក់ណាស់ ប្រាថ្នានឹងស៊ីកូនតូចៗរបស់ខ្ញុំ សូមព្រះអង្គ ( មេត្តាស្រោចស្រង់ ) ខ្ញុំឲ្យបានសេចក្តីសុខ ។ ( ស្តេចអកពោលថា ) បណ្ឌិតទាំងឡាយ ជាអ្នកស្វែងរក សេចក្តីសុខក្នុងកាលគួរនិងកាលមិនគួរ រមែងចងមិត្តផង សម្លាញ់ផង ម្នាល ខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍នុ៎ះ ដល់អ្នកបាន ដ្បិតអរិយជនតែង ធ្វើនូវកិច្ចដល់អរិយជន ( ដូចគ្នា ) ។ ( ខ្លែង… ) អំពើណាដែលអរិយជនជាអ្នកអនុគ្រោះគប្បី ធ្វើដល់អរិយជន អំពើនោះ ព្រះអង្គបានធ្វើហើយ សូមទ្រង់រក្សានូវព្រះអង្គ ចុះ សូមទ្រង់កុំក្តៅក្រហាយឡើយ កាលបើព្រះអង្គរស់នៅ យើងគង់នឹង បាននូវកូនទាំងឡាយ ( ទៀត ) ។ ( ស្តេចអក… ) យើងខ្ញុំធ្វើនូវការរក្សានិងកិរិយាការពារ នោះឯង ត្រាតែបែកធ្លាយនូវសរីរៈ ក៏មិនតក់ស្លុតដែរ ដ្បិតសម្លាញ់ទាំងឡាយ នេះ តែងលះបង់ជីវិត ជួយធ្វើ ( កិច្ចការ ) ដល់សម្លាញ់ផងគ្នា នេះជា ធម៌របស់សប្បុរសទាំងឡាយ ។ ( អភិសម្ពុទ្ធគាថា ) ស្តេចអកនេះ ជាសត្វស្លាប កើតអំពី សុត បានធ្វើនូវអំពើដែលគេធ្វើដោយកម្រក្រៃពេក ដើម្បីប្រយោជន៍ ( នឹង រក្សា ) នូវកូនខ្លែងទាំងឡាយ ដរាបដល់ពាក់កណ្តាលអធ្រាត្រ ។