ឧទ្ទាលកជាតកទី ៤

ក្បាលទី 49 · ទំព័រ 51

( ព្រះរាជាទ្រង់ត្រាស់ថា ) ពួកជដិលណា ដណ្តប់ស្បែក ខ្លាឃ្មុំទាំងក្រចក មានធ្មេញប្រឡាក់ដោយមន្ទិល មានភ្នែកមិនបន្តក់ មានរូប អាក្រក់ កំពុងរាយនូវមន្ត ជដិលទាំងនោះ បានដឹងនូវការប្រព្រឹត្តនូវតបៈ និងការស្វាធ្យាយនូវមន្តនេះ ក្នុងសេចក្តីព្យាយាមជារបស់មនុស្ស នឹងបានរួច ចាកអបាយដែរឬ ។ ( បុរោហិតក្រាបទូលថា ) បពិត្រមហារាជ បើបុគ្គលជា ពហុស្សូត មិនប្រព្រឹត្តធម៌ ធ្វើតែអំពើលាមកទាំងឡាយ បុគ្គលនោះ សូម្បី ចេះនូវវេទមួយពាន់ ហើយអាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បាន សម្រេចនូវចរណៈ ( សមាបត្តិប្រាំបី ) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ ។ ( ឧទ្ទាលកតាបសពោលថា ) បុគ្គលសូម្បីចេះនូវវេទមួយ ពាន់ ហើយអាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បានសម្រេចនូវ ចរណៈ ( សមាបត្តិប្រាំបី ) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ ខ្ញុំសំគាល់ថា វេទទាំងឡាយជាសភាពឥតផល មានតែចរណៈដែលប្រកបដោយការសង្រួម ទើបជាការពិតប្រាកដ ។ ( បុរោហិត… ) ខ្ញុំមិនមែនពោលថា វេទទាំងឡាយជា សភាពឥតផលទេ តែចរណៈដែលប្រកបដោយការសង្រួម ជារបស់ពិតមែន ឯបុគ្គលរៀននូវវេទទាំងឡាយ គ្រាន់តែបាននូវកិត្តិសព្ទ បុគ្គលអ្នកទូន្មាន ដោយចរណៈហើយ ទើបបានដល់នូវការស្ងប់រម្ងាប់ ( និព្វាន ) ។ ( ឧទ្ទាលកៈ… ) មាតាបិតា និងផៅពង្សត្រូវតែកូនចិញ្ចឹម អាត្មាកើតអំពីបុគ្គលណា បុគ្គលនោះឯងនៅជាបុគ្គលនោះដដែល អាត្មាឈ្មោះ ឧទ្ទាលកៈ ជាអ្នកតវង្សត្រកូលនៃសោត្ថិយគោត្តដ៏ចម្រើន ។