ភិសជាតកទី ៥

ក្បាលទី 49 · ទំព័រ 70

( ឧបកាញ្ចនតាបសស្បថថា ) បពិត្រព្រាហ្មណ៍ បុគ្គល ណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបាននូវសេះផង គោផង ប្រាក់ផង មាសផង ប្រពន្ធជាទីគាប់ចិត្តក្នុងលោកនេះផង ចូរនៅ មូលមិត្តគ្នាដោយកូននិងប្រពន្ធទាំងឡាយចុះ ។ ( តាបសទី ២ ស្បថថា ) បពិត្រព្រាហ្មណ៍ បុគ្គលណា លួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរទ្រទ្រង់នូវផ្កាកម្រង ផង នូវសំពត់ដែលគេនាំមកអំពីដែនកាសីនិងខ្លឹមចន្ទន៍ផង ចូរឲ្យបុគ្គលនោះ មានកូនច្រើនផង ចូរឲ្យ ( បុគ្គលនោះ ) ធ្វើនូវសេចក្តីអាឡោះអាល័យដ៏ ក្លៀវក្លាក្នុងកាមទាំងឡាយផង ។ ( តាបសទី ៣ ស្បថថា ) បពិត្រព្រាហ្មណ៍ បុគ្គលណា លួចក្រអៅឈូកទាំងឡាយរបស់លោក ( បុគ្គលនោះ ) ចូរមានស្រូវច្រើន មានកសិកម្ម មានយស ( បាន ) នូវកូនទាំងឡាយ ជាគ្រហស្ថ មានទ្រព្យ ចូរ ( បាន ) នូវកាមគ្រប់យ៉ាង ចូរកុំឲ្យឃើញនូវវ័យ ( របស់ខ្លួន ) នៅគ្រប់គ្រងផ្ទះចុះ ។ ( តាបសទី ៤ ស្បថថា ) បពិត្រព្រាហ្មណ៍ បុគ្គលណា លួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបានជាក្សត្រ អ្នកធ្វើ នូវការរឹបជាន់ ជារាជាធិរាជ មានពល មានយស ចូរបានគ្រប់គ្រងផែនដី ដែលមានសមុទ្ទទាំង ៤ ជាទីបំផុតចុះ ។ ( តាបសទី ៥ ស្បថថា ) បពិត្រព្រាហ្មណ៍ បុគ្គលណា លួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរជាព្រាហ្មណ៍មិនប្រាសចាក រាគៈ ចូរប្រកបក្នុងគន្លងក្បួនយាមនិងនក្ខត្តឫក្ស បុគ្គលជាម្ចាស់នៃដែន ( ស្តេច ) ដែលមានយស ចូរបូជាព្រាហ្មណ៍នោះចុះ ។