អដ្ឋកថា ភិសជាតកទី ៥
[ ៥០-៧០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ អផ្សុក ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អស្សំ គវំ រជតំ ជាតរូបំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នជាក់ច្បាស់ក្នុងកុសជាតក តែក្នុងកាលនោះ ព្រះសាស្តា ត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថាអ្នកអផ្សុកពិតឬ កាលភិក្ខុនោះទទួល ថា ករុណាព្រះអង្គ ព្រះសាស្តាក៏ត្រាស់ថា ព្រោះហេតុអ្វី កាលភិក្ខុនោះទូល ថា ព្រោះកិលេស ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែល មានធម៌ជាគ្រឿងនាំចេញចាកទុក្ខបែបនេះ ហេតុអ្វីអាស្រ័យកិលេសធ្វើនូវការ អផ្សុក បណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធមិនទាន់កើតឡើងក្នុងលោក បួស ក្នុងលទ្ធិពាហិរៈ ក៏គង់នាំគ្នាប្រារព្ធដល់វត្ថុកាម និងកិលេសកាម ធ្វើនូវពាក្យ សម្បថ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាកូនរបស់ព្រាហ្មណមហាសាល មានសម្បត្តិ ៨០ កោដិ ពួកញាតិដាក់ឈ្មោះថា មហាកញ្ចនកុមារ ។ កាលលោកដើរបាន មាតាក៏បាន បុត្តដទៃមួយទៀត ពួកញាតិក៏ដាក់ឈ្មោះកុមារនោះថា ឧបកញ្ចនកុមារ ដោយ លំដាប់យ៉ាងនេះ ក៏មានកូនដល់ ៧ នាក់ តែកូនពៅជាកូនស្រី ពួកញាតិបាន ដាក់ឈ្មោះថា កញ្ចនទេវី ។ មហាកញ្ចនកុមារ ធំចម្រើនវ័យហើយ រៀន សិប្បៈទាំងពួង មកអំពីតក្កសិលានគរ ។ កាលនោះ មាតាបិតាប្រាថ្នានឹងចង លោកទុកដោយឃរាវាសក៏ពោលថា យើងនឹងដណ្តឹងទារិកាអំពីត្រកូលដែល មានជាតិស្មើគ្នាមកឲ្យឯង ចូរឯងតាំងនៅក្នុងឃរាវាសចុះ ។ ព្រះពោធិសត្វ ប្រាប់ថា លោកពុកអ្នកម្តាយ ខ្ញុំមិនត្រូវការគ្រប់គ្រងផ្ទះឡើយ ព្រោះភពទាំង បីប្រាកដដល់ខ្ញុំថាមានភ័យគួរ