អដ្ឋកថា សុរុចិជាតកទី ៦
[ ៧១-៧៩ ] ព្រះសាស្តា កាលអាស្រ័យនៅក្នុងនគរសាវត្ថី ទ្រង់គង់ក្នុង បុព្វារាម ក្នុងប្រាសាទរបស់មិគារមាតា ទ្រង់ប្រារព្ធពរ ៨ ប្រការ ដែល មហាឧបាសិកាវិសាខាបានទទួល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា មហេសី រុចិនោ ភរិយា ដូច្នេះជាដើម ។ រឿងពិស្តារដូច្នេះថា ថ្ងៃមួយនាងវិសាខា ស្តាប់ធម្មកថាក្នុងវត្តជេតពន មហាវិហារ ហើយក្រាបទូលនិមន្តព្រះដ៏មានព្រះភាគនិងភិក្ខុសង្ឃឆាន់ក្នុងវេលា ព្រឹក ហើយត្រឡប់មកផ្ទះ ។ លុះរាត្រីកន្លងទៅ មហាមេឃក៏ញ៉ាំងភ្លៀងឲ្យ ធ្លាក់ចុះក្នុងទ្វីបទាំង ៤ ។ ព្រះសាស្តាទ្រង់ហៅពួកភិក្ខុមកត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ភ្លៀងធ្លាក់ក្នុងវត្តជេតពនយ៉ាងណា ក្នុងទ្វីបទាំង ៤ ក៏យ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ មហាមេឃចុងក្រោយ គប្បីសើមកាយរបស់តថាគតបាន ខណៈដែលភ្លៀងកំពុងធ្លាក់ ព្រះសាស្តាក៏បាត់អំពីវត្តជេតពន ជាមួយពួកភិក្ខុ ដែលមានឫទ្ធិ ប្រាកដត្រង់ខ្លោងទ្វារផ្ទះរបស់នាងវិសាខា ។ ឧបាសិកាត្រេកអរ ពោលថា អស្ចារ្យហ្ន៎ គួរចម្លែកពន់ពេកអ្នកទាំងឡាយអើយ ព្រោះព្រះតថាគត ទ្រង់មានឫទ្ធិច្រើន ទ្រទ្រង់នូវអានុភាពច្រើន ក្នុងកាលភ្លៀងមាន ប្រមាណស្មើក្បាលជង្គង់ក៏មាន ត្រឹមចង្កេះក៏មាន កំពុងហូរទៅ ជើងឬចីវរ របស់ភិក្ខុមួយរូប ឈ្មោះថាសើមមិនមានឡើយ ហើយអង្គាសភិក្ខុសង្ឃ មាន ព្រះពុទ្ធជាប្រធាន បានក្រាបទូលសេចក្តីនេះជាមួយព្រះសាស្តា ដែលទ្រង់ធ្វើ ភត្តកិច្ចស្រេចហើយថា បពិត្រព្រះអង្គ ខ្ញុំម្ចាស់សូមពរ ៨ ប្រការ ជាមួយ ព្រះអង្គ ។ ព្រះសាស្តាត្រាស់ថា ម្នាលនាងវិសាខា ព្រះតថាគតទាំងឡាយ មានពរកន្លងផុតទៅហើយ នាងក្រាបទូលថា បពិត្រព្រះអង្គ ពរណាគួរដល់ ខ្ញុំម្ចាស់ ហើយពរណាមិនមានទោស ខ្