បញ្ចុបោសថិកជាតកទី ៧
( តាបសពោលថា ) ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តី ខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិនមានសេចក្តីត្រូវការដោយចំណីសោះ ម្នាល ព្រាប អ្នកខំអត់ទ្រាំនូវគម្លាននិងសម្រេក ជាសត្វរក្សានូវឧបោសថ តើព្រោះ ហេតុអ្វី ។ ( ព្រាបពោលថា ) ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់ កំពុងតែរីករាយ ( ក្នុងកាម ) ក្នុងប្រទេសនោះ ស្រាប់តែ សត្វខ្លែងមកឆាបយកមេព្រាបទៅ ខ្ញុំក៏អស់សេចក្តីប្រាថ្នា ព្រោះប្រាសចាកមេ ព្រាបនោះ ។ ខ្ញុំរងនូវវេទនាងំក្នុងចិត្ត ព្រោះព្រាត់ប្រាសចាកមេព្រាបនោះ ហេតុ នោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យរាគៈគ្របសង្កត់ខ្ញុំបានទៀតឡើយ ។ ( តាបស… ) ម្នាលពស់ ជាឧរគជាតិ លូនទៅមិនត្រង់ មានអណ្តាតពីរ អ្នកមានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក ម្នាលសត្វមានខ្លួន វែង អ្នកអត់ទ្រាំនូវគម្លាននិងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុ អ្វី ។ ( ពស់… ) គោឈ្មោលឡើងករបស់អ្នកស្រុក ជាគោ មានកម្លាំង មានបូកដ៏យុរយារ បរិបូណ៌ដោយសម្បុរនិងកម្លាំង គោនោះដើរ ជាន់ខ្ញុំ ខ្ញុំខឹងបានចឹកវាៗ ត្រូវសេចក្តីទុក្ខគ្របសង្កត់ ហើយក៏ស្លាប់ទៅ ។ លំដាប់នោះ ពួកជនចេញអំពីស្រុកកន្ទក់កន្ទេញយំទួញ ហើយដើរចៀសចេញ ទៅ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យសេចក្តីក្រោធគ្រប សង្កត់ខ្ញុំបានទៀតឡើយ ។ ( តាបស… ) ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប់ដ៏ ច្រើន សាច់ទាំងនោះជាភោជនជាទីគាប់ចិត្តរបស់អ្នក ម្នាលចចក អ្នកខំអត់ទ្រាំ នូវគម្លាននិងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី ។