អដ្ឋកថា បញ្ចុបោសថិកជាតកទី ៧
[ ៨០-៨៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបាសក ៥០០ ដែលរក្សាឧបោសថ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អប្បោសុក្កោទានិ តុវំ កបេត ដូច្នេះជាដើម ។ មានរឿងសង្ខេបថា កាលណោះព្រះដ៏មានព្រះភាគ គង់លើពុទ្ធាសនៈ ដែលប្រដាប់តាក់តែងហើយ ក្នុងកណ្តាលបរិស័ទ ៤ ក្នុងធម្មសភា ទត បរិស័ទដោយព្រះហបឫទ័យដ៏ស្រទន់ ទ្រង់ជ្រាបថា ថ្ងៃនេះទេសនានឹងកើតឡើង ព្រោះអាស្រ័យពាក្យឧបាសកពិត ទើបហៅពួកឧបាសកមក ត្រាស់ សួរថា នែឧបាសកទាំងឡាយ ពួកអ្នកនាំគ្នាបំពេញវត្តនៃអ្នករក្សាឧបោសថ ឬ កាលឧបាសកទាំងនោះក្រាបទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ពួក អ្នកធ្វើល្អហើយ ឧបោសថនេះ ជាវង្សនៃពួកបណ្ឌិតអំពីកាលមុន មែនពិត បណ្ឌិតក្នុងកាលមុននាំគ្នារក្សាឧបោសថដើម្បីសង្កត់កិលេស មានរាគៈជាដើម ឧបាសកទាំងនោះនាំគ្នាក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល មានបទេស គឺព្រៃគួរជាទីរីករាយ នៅក្នុងរវាងព្រំដែន នៃនគរទាំង ៣ មាននគរមគធៈជាដើម ។ ព្រះពោធិសត្វ កើតក្នុងត្រកូល ព្រាហ្មណមហាសាល ក្នុងដែនមគធៈ ចម្រើនវ័យហើយលះកាមទាំងឡាយ ដោះខ្លួនចូលទៅកាន់ព្រៃនោះ សាងអាស្រមបទបួសជាឥសីអាស្រ័យនៅ ។ ក្នុងទីមិនឆ្ងាយអំពីអាស្រមរបស់លោក ព្រាបឈ្មោលនិងព្រាបញី អាស្រ័យ នៅត្រង់គុម្ពបឫស្សីមួយកន្លែង ពស់អាស្រ័យនៅក្នុងដំបូកមួយកន្លែង ចចក អាស្រ័យនៅត្រង់គុម្ពឈើក្នុងព្រៃមួយកន្លែង ខ្លាឃ្មុំអាស្រ័យនៅត្រង់គុម្ពឈើ ក្នុងព្រៃមួយកន្លែង ( ដូចគ្នា ) ។ សត្វទាំង ៤ នោះ តែងនាំគ្នាទៅរកមហា ឥសី ស្តាប់ធម៌តាមកាលដែលជាឱកាស ។