អដ្ឋកថា មហាមោរជាតកទី ៨
[ ៩០-១០៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សចេ ហិ ត្យាហំ ធនហេតុ គហិតោ ដូច្នេះជាដើម ។ រឿងមានសេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះទទួលថា ករុណាព្រះអង្គ ទើប ត្រាស់ថា ម្នាលភិក្ខុ តម្រេកដែលជាគ្រឿងត្រេកអរក្នុងចិត្តនេះ រឿងអ្វីដែល មិនឲ្យបុគ្គលបែបអ្នកវឹកវរបាននោះ ព្រោះថា ខ្យល់ដែលកួចបំបើងភ្នំសិនេរុ បាន រឿងអ្វីដែលមិនឲ្យស្លឹកឈើចាស់ៗ ដែលនៅជុំវិញបរិវេណ ខ្ចាត់ខ្ចាយ ទៅបាន ក្នុងកាលមុននោះឯង សត្វដែលបរិសុទ្ធ ធ្លាប់ហាមឃាត់នូវសេចក្តី រាយមាយរបស់កិលេសអស់ ៧ រយឆ្នាំ ក៏គង់រាគៈនេះធ្វើឲ្យវឹកវរបាន ចាំបាច់ និយាយថ្វីដល់អ្នកនោះ ហើយទ្រង់នាំអតីតនិទានមក សាធកៈដូចតទៅ នេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងផ្ទៃមេក្ងោក ក្នុងប្រទេសជាយដែន ។ កាលគភ៌ចាស់ ហើយ ក្ងោកជាមាតាក៏ពងក្នុងទីរកស៊ីហើយហើរទៅ ធម្មតាសុត បើមេមិន មានរោគ និងមិនមានអន្តរាយដទៃៗ ដូចជាទីឃជាតិបៀតបៀន រមែងមិនខូច ឡើយ ហេតុនោះសុតនោះទើបដូចជាផ្កាកណិការក្រពុំ មានពណ៌ដូចមាស លុះដល់គ្រប់កំណត់ ក៏ញាស់ដោយធម្មតារបស់ខ្លួន ។ កូនក្ងោកមានពណ៌ ដូចមាស ចេញមកហើយ ។ កូនក្ងោកនោះមានភ្នែកទាំងគូ ដូចគ្នានឹងផ្លែ ទំពាំងបាយជូរ មានចំពុះដូចកែវប្រពាល មានផ្នួតក ៣ ជាន់រហូតដល់ កណ្តាលខ្នង កាលក្ងោកមាសចម្រើនវ័យ មានរាងកាយធំបុនដុំរទេះ រូបល្អ ក្រៃពេក ។ ក្ងោកដែលមានពណ៌ខៀវទាំងអស់មកប្រជុំគ្នា លើកក្ងោកនោះ ឲ្យជាប្រធាន នាំគ្នាចោមរោមជាបរិវា