តច្ឆសូករជាតកទី ៩

ក្បាលទី 49 · ទំព័រ 157

( ជ្រូកឈ្មោះតច្ឆកៈពោលថា ) យើងកាលស្វែងរកពួកញាតិ ណា ដើរទៅកាន់ភ្នំនិងព្រៃទាំងឡាយ យើងតាមស្វែងរកពួកញាតិដ៏ ច្រើន ឯពួកញាតិទាំងនោះយើងបានចួបហើយ ។ មើមឈើ និងផ្លែឈើនេះ ដ៏ច្រើនផង ភក្សាហារនេះច្រើនផង ភ្នំនិងស្ទឹងទាំងនេះជាទីរីករាយផង ជាលំនៅ ដ៏សប្បាយ ។ យើងនឹងមិនមានសេចក្តីខ្វល់ខ្វាយ មិនមានសេចក្តីរង្កៀស មិនមានសេចក្តីសោក មិនមានភ័យអំពីទីណា នឹងនៅក្នុងទីនេះឯង ជាមួយនឹង ពួកញាតិទាំងអស់ ។ ( ពួកជ្រូកឯទៀតពោលថា ) ម្នាលតច្ឆកៈ អ្នកចូរស្វែងរក ទីជ្រកកោនឯទៀតវិញចុះ ( ដ្បិត ) ក្នុងទីនេះមានសត្រូវចំពោះពួកយើង សត្រូវនោះ តែងមកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយ ( សំដៅតែ ជ្រូកណា ) ដែលធាត់ៗ ។ ( តច្ឆកៈ… ) សត្វណា ជាសត្រូវនឹងពួកយើងក្នុងទីនេះ សត្វណាកម្ចាត់បង់នូវញាតិកំពុងនៅចួបជុំគ្នា ដែលសត្រូវកម្ចាត់បង់បានដោយ ក្រ អ្នកខ្ញុំសួរហើយ ចូរប្រាប់នូវហេតុនោះ ។ ( ពួកជ្រូក… ) ម្រឹគ ( មួយ ) ជាស្តេចនៃម្រឹគ មាន ក្រឡានៃសរីរៈខាងលើ មានកម្លាំងកាយ មានចង្កូមជាអាវុធ ម្នាលតច្ឆកៈ ម្រឹគនោះ មកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយដែលធាត់ៗ ។ ( តច្ឆកៈ… ) ខ្នាយទាំងឡាយរបស់ពួកយើង មិនមែនជា មិនមានទេ កម្លាំងក៏ប្រជុំចុះក្នុងកាយ បើពួកយើងទាំងអស់ជាអ្នកព្រមព្រៀងគ្នា នឹងធ្វើខ្លាតែម្នាក់ឯងនោះ ឲ្យលុះអំណាចបាន ។ ( ពួកជ្រូក… ) ម្នាលតច្ឆកៈ អ្នកពោលនូវពាក្យជាទីគាប់ចិត្ត គាប់ត្រចៀកណាស់ ដូច្នេះ ប្រសិនបើជ្រូកណា បោលចោលគ្នាក្នុងចម្បាំង យើង នឹងសម្លាប់ជ្រូកនោះ ក្នុងកាលជាខាងក្រោយ ។