សាធិនរាជជាតកទី ១១
( ពួកអ្នកនគរពោលថាស្តេចរបស់យើង ) ចម្លែកណាស់តើ គួរឲ្យព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។ ( អភិសម្ពុទ្ធគាថា ) ទេវបុត្តឈ្មោះមាតលី ជាទេវសារថី មានឫទ្ធិច្រើន បានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយ ជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ ចង់ឃើញព្រះអង្គ ព្រោះ ទេវតាទាំងឡាយ រពឫកព្រះអង្គ នៅរង់ចាំក្នុងរោងឈ្មោះសុធម្មា ។ លំដាប់ នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលាទ្រង់ យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃ ទេវតាទាំងឡាយ ( ព្រះរាជាជាធំទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើនកំពុងយាងទៅក៏បានទតឃើញទេវសភានេះ ) ពួក ទេវតាបានឃើញព្រះរាជានោះមកដល់ហើយក៏ត្រេកអរស្មោះចំពោះថា បពិត្រ មហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួល ទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គទ្រង់ គង់ក្នុងសំណាក់នៃទេវរាជចុះ ។ ឯព្រះឥន្ទ្រក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រង ក្រុងមិថិលា ព្រះឥន្ទ្របានអញ្ជើញដោយកាមទាំងឡាយ ផង ដោយអាសនៈផងថា ប្រពៃណាស់ហើយ ព្រះអង្គបាន ដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក ្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរសូម ព្រះអង្គគង់នៅក្នុងពួកទេវតា ដែលសម្រេចនូវកាមគ្រប់យ៉ាង បាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជា របស់មនុស្សក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។