អដ្ឋកថា សាធិនរាជជាតកទី ១១

ក្បាលទី 49 · ទំព័រ 192

[ ១២៣-១២៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ពួកឧបាសករក្សាឧបោសថ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា អព្ភូតោ វត លោកស្មឹ ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ក្នុងកាលនោះព្រះសាស្តាត្រាស់ថា ម្នាលឧបាសក ទាំងឡាយ បណ្ឌិតក្នុងកាលមុនអាស្រ័យឧបោសថកម្មរបស់ខ្លួន ទៅកាន់ទេវលោក អស់កាលយូរដោយសរីរៈនៃមនុស្សនោះឯង ទើបទ្រង់នាំអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះរាជាទ្រង់ព្រះនាមថាសាធិនៈ ទ្រង់គ្រងរាជសម្បត្តិ ដោយធម៌ក្នុងនគរមិថិលា ទ្រង់បានសាងរោងទាន ៦ កន្លែងគឺត្រង់ទ្វារនគរ ទាំង ៤ ត្រង់កណ្តាលព្រះនគរ ១ ត្រង់ទ្វារព្រះរាជនិវេសន៍ ១ ទ្រង់បំពេញ មហាទានធ្វើជម្ពូទ្វីបឲ្យមាននង្គ័លលើកឡើងហើយ ព្រះរាជទានទ្រព្យប្រមាណ ៦ សែន កហាបណៈ ជារាជទ្រព្យដែលទ្រង់ចំណាយរាល់ៗថ្ងៃ ទ្រង់រក្សា សីល ៥ និងឧបោសថសីល ។ ពួកអ្នកដែន ក៏នាំគ្នាតាំងនៅក្នុងឱវាទរបស់ ទ្រង់ ធ្វើបុណ្យមានឲ្យទានជាដើម ស្លាប់ហើយទៅកើតក្នុងទេវលោកទាំងអស់ ពួកទេវតានាំគ្នាពេញណែនទេវសភាឈ្មោះសុធម្មា នាំគ្នាពណ៌នាគុណ មាន សីលជាដើម របស់ព្រះរាជាបុណ្ណោះ ទេវតាដ៏សេស ស្តាប់រឿងនោះហើយ ប្រាថ្នានឹងឃើញព្រះរាជាដូចៗគ្នា ។ សក្កទេវរាជ ទ្រង់ជ្រាបវារចិត្តរបស់ទេវតា ទាំងនោះត្រាស់ថា ពួកអ្នកប្រាថ្នានឹងឃើញព្រះបាទសាធិនរាជឬ ពួកទេវតា ក្រាបទូលថា ករុណាថ្លៃវិសេស ។ សក្កៈក៏ត្រាស់នឹងមាតលីទេវបុត្តថា ចូរ អ្នកត្រៀមវេជ្ជយន្តរថទទួលព្រះបាទសាធិនរាជមក មាតលិទេវបុត្តទទួលទេវ បញ្ជាថា សាធុ ហើយរៀបចំរថទៅកាន់ដែនវិទេហៈ ។ កាលនោះជាថ្ងៃ ១៥ កើត ពេលដែលពួកមនុស្សកំពុងបរិភោគអាហារល្ងាច ហើយអង្គុយសន្ទនា គ្នាដោយសុខកថាត្រង់ទ្វារផ