អដ្ឋកថា ទសព្រាហ្មណជាតកទី ១២
[ ១៣០-១៥២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អសទិសទាន ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា រាជា អវោច វិធូរំ ដូច្នេះជាដើម ។ រឿងអសទិសទាននោះ មានសេចក្តីពិស្តារប្រាកដហើយ ក្នុងវិធូរជាតក អដ្ឋកនិបាត ។ បានឮថា កាលណោះ ព្រះរាជាទ្រង់ថ្វាយទាន ទ្រង់ជ្រើសរើសភិក្ខុ ប្រមាណ ៥០០ រូប ធ្វើព្រះសាស្តាឲ្យជាប្រធាន ទ្រង់បានថ្វាយទានដល់ ព្រះមហាខីណាស្រពទាំងនោះ ។ កាលនោះ កាលពួកភិក្ខុពោលគុណកថា របស់ព្រះរាជា លើករឿងឡើងសន្ទនាក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះរាជាកាលទ្រង់ថ្វាយអសទិសទាន ទ្រង់បានជ្រើសរើស ក្នុងភិក្ខុដែលជាទី ប្រតិស្ឋាននៃមគ្គផល ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុ ទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនគួរអស្ចារ្យទេ ដែលព្រះបាទ កោសលជាឧបដ្ឋាករបស់ព្រះពុទ្ធដូចតថាគត ទ្រង់ជ្រើសរើសថ្វាយទានសូម្បី ពួកបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធមិនទាន់កើតឡើង ក៏ធ្លាប់បានជ្រើសរើស ថ្វាយទានហើយដូចគ្នា ភិក្ខុទាំងនោះនាំគ្នាក្រាបទូលអារាធនា ទ្រង់នាំ អតីតនិទានមកសាធកៈដូចតទៅនេះថា ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល កាលព្រះបាទកោរព្យយុធិដ្ឋិលគោត្ត សោយរាជសម្បត្តិក្នុងនគរឥន្ទបត្ត ដែនកុរុ អាមាត្យរបស់ព្រះរាជាព្រះនាមថា វិធូរៈ ចាំថ្វាយអត្ថនិងធម៌ ។ ព្រះរាជាទ្រង់ញ៉ាំងជម្ពូទ្វីបគ្រប់កន្លែង ឲ្យខ្ទរខ្ទារ ទៅ ទ្រង់ថ្វាយមហាទាន ។