អដ្ឋកថា មាតង្គជាតកទី ១
[ ១៦២-១៨២ ] ព្រះសាស្តា កាលគង់នៅក្នុងជេតពនមហាវិហារ ទ្រង់ ប្រារព្ធឧទេនរាជវង្ស ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បុតោ នុ អាគច្ឆសិ ទុម្មវាសី ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ ព្រះបិណ្ឌោលភារទ្វាជៈ ហោះមកអំពី ជេវនមហាវិហារតាមអាកាស ទៅកាន់ព្រះរាជឧទ្យានរបស់ព្រះបាទឧទេន ក្នុង ក្រុងកោសម្ពី ដើម្បីសម្រាកក្នុងពេលថ្ងៃ ។ បានឮថា ក្នុងភពមុនៗ ព្រះថេរៈ ធ្លាប់សោយរាជ្យ គ្រប់គ្រងរាជសម្បត្តិ មានបរិវារច្រើន ក្នុងរាជឧទ្យាននោះ អស់កាលយូរ ។ ដោយបុព្វចរិយា ដែលធ្លាប់បានសន្សំមក ទើបព្រះថេរៈ ច្រើនទៅដោយការអង្គុយសម្រាកពេលថ្ងៃ ក្នុងព្រះរាជឧទ្យាននោះរឿយៗ មក ឲ្យកាលវេលាកន្លងទៅដោយសុខដែលកើតអំពីផលសមាបត្តិ ដោយច្រើន ។ ថ្ងៃមួយ កាលព្រះថេរៈទៅសម្រាកត្រង់គល់រាំង ដែលមានផ្ការយោនរយាន ក្នុងព្រះរាជឧទ្យាននោះ ព្រះបាទឧទេនទ្រង់ព្រះតម្រិះថា អញនឹងផឹកមហាបានៈ ( ទឹកចណ្ឌ ) ហើយលេងឧទ្យានកីឡា ៧ ថ្ងៃ ដូច្នេះហើយ ទើបយាងទៅកាន់ ព្រះរាជឧទ្យាន មួយអន្លើដោយបរិវារជាច្រើន ទ្រង់កើយភ្លៅស្រីស្នំម្នាក់ លើទេនមង្គលសិលាអាសនៈ ហើយទ្រង់និទ្រា លង់លក់ទៅ ព្រោះស្រវឹង ក្នុងការសោយទឹកចណ្ឌ ។ ពួកស្នំដែលអង្គុយបំពេ ដាក់គ្រឿងតូរ្យតន្រ្តីទុក ហើយចូលទៅកាន់ព្រះរាជឧទ្យាន ដើរបេះផ្កានិងផ្លែឈើជាដើម ឃើញព្រះ ថេរៈហើយ នាំគ្នាទៅថ្វាយបង្គំ ហើយអង្គុយ ។ ព្រះថេរៈក៏អង្គុយសម្តែង ធម្មកថាដល់ស្រីទាំងនោះ ។ ឯស្នំដែលអង្គុយឲ្យព្រះបាទឧទេនកើយភ្លៅ ក៏ អង្រួនភ្លៅឲ្យកម្រើក ដាស់ព្រះរាជាឲ្យភ្ញាក់ពីបន្ទំ កាលព្រះរាជាត្រាស់សួរថា ស្រីថោកទាបទាំងនោះទៅណាអស់ ទើបក្រាបទូលថា ស្រីទាំងនោះទៅអង្គុយ ចោមរោមសមណៈមួយរូ