សិវិរាជជាតកទី ៣

ក្បាលទី 49 · ទំព័រ 307

( ព្រះឥន្ទដំណែងខ្លួនជាមនុស្សចាស់ពោលថា ) ខ្ញុំព្រះអង្គ ជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គ ជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះបាទសីវិរាជពោធិសត្វត្រាស់សួរថា ) នែស្មូម អ្នកណា ប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយ ពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវ ភ្នែកជាអវ័យវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។ ( ព្រះឥន្ទ… ) ពួកទេវតាបានពោលនូវទេវតាវិសេសណាថា សុជម្បតិក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈក្នុង មនុស្សលោក ខ្លួនខ្ញុំជាស្មូមដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះ បម្រុងសុំព្រះនេត្រទាំងឡាយ ។ ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តមរបស់ខ្ញុំកាលបើ ខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែក ណាថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះបាទសីវិរាជ… ) ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវ ប្រយោជន៍ណា សេចក្តីត្រិះរិះនូវប្រយោជន៍នោះ សូមឲ្យសម្រេចដល់អ្នក ចុះ ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។ កាលបើអ្នកសូមភ្នែក មួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះ ជាបុគ្គល មានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។