អដ្ឋកថា សោមនស្សជាតកទី ៩
[ ២៩៣-៣០៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភាពដែលទេវទត្តព្យាយាមដើម្បីផ្តាច់ព្រះជន្មព្រះអង្គ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ តំ ហឹសតិ ហេឋេតិ ដូច្នេះជាដើម ។ ក្នុងកាលនោះ ព្រះបរមសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តនេះ ក៏ព្យាយាម ដើម្បីសម្លាប់តថាគតដូចគ្នា ហើយទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅនេះ ថា ក្នុងអតីតកាល ព្រះរាជាព្រះនាមថារេណុរាជ សោយរាជសម្បត្តិក្នុង ឧត្តរបញ្ចាលនគរ ដែនកុរុ ។ កាលនោះ តាបសឈ្មោះ មហារក្ខិតៈ មាន តាបស ៥០០ ជាបរិវារ នៅក្នុងហិមវន្តប្បទេស ត្រាច់ចារិកទៅ ដើម្បីសេព រសជូរប្រៃ រហូតដល់ឧត្តរបញ្ចាលនគរ សម្រាកក្នុងព្រះរាជឧទ្យាន ។ ស្អែក ឡើង មួយអន្លើដោយបរិវារ ត្រាច់ទៅបិណ្ឌបាតរហូតដល់ទ្វារព្រះនគរ ព្រះបាទ រេណុរាជទ្រង់ឃើញគណៈឥសី មានចិត្តជ្រះថ្លាក្នុងឥរិយាបថ ទើបនិមន្ត ឲ្យមកគង់ក្នុងល្វែងប្រាសាទដែលប្រដាប់តាក់តែងហើយ ទ្រង់អង្គាសដោយ អាហារដ៏ប្រណីត ហើយត្រាស់ថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ ទាំងឡាយនៅចាំវស្សាត្រង់ព្រះរាជឧទ្យានរបស់ខ្ញុំ អស់រដូវភ្លៀងនេះចុះ ហើយ យាងទៅកាន់ព្រះរាជឧទ្យានជាមួយតាបសទាំងនោះ ត្រាស់ឲ្យសាងលំនៅ ព្រះ រាជទានបព្វជិតបរិក្ខារ ទ្រង់នមស្ការហើយ យាងត្រឡប់មកកាន់រាជវាំង ។ តាំងអំពីនោះមក តាបសទាំងអស់ ក៏ទទួលព្រះរាជទាន ឆាន់ក្នុងព្រះរាជ និវេសន៍ជាប្រចាំ ។ ព្រះរាជាមិនមានព្រះរាជឱរស ទើបទ្រង់ប្រាថ្នាចង់បាន ព្រះរាជឱរស ។ ព្រះរាជឱរសក៏មិនបានកើតឡើងសមព្រះរាជបំណងឡើយ ។