អដ្ឋកថា ចម្បេយ្យជាតកទី ១០

ក្បាលទី 49 · ទំព័រ 460

[ ៣០៩-៣៣៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបោសថកម្ម ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កា នុ វិជ្ជុរិវាភាសិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ ព្រះបរមសាស្តាត្រាស់ថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ ការដែលអ្នកទាំងឡាយរក្សាឧបោសថកម្ម ជាការល្អ ហើយ បុរាណកបណ្ឌិតទាំងឡាយ លះនាគសម្បត្តិ ហើយរក្សាឧបោសថកម្ម ដូចគ្នា កាលឧបាសក ឧបាសិកាទាំងនោះទូលអារាធនា ទើបទ្រង់នាំអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទអង្គតិរាជគ្រប់គ្រងរាជសម្បត្តិនៅក្នុងអង្គរដ្ឋរាជធានី ។ ក្នុងរវាងដែនអង្គៈនិងមគធៈតគ្នា មានស្ទឹងឈ្មោះចម្បានទី មាននាគ ពិភពនៅក្រោមស្ទឹងចម្បានទីនោះ ។ ស្តេចនាគឈ្មោះ ចម្បេយ្យ គ្រងរាជ សម្បត្តិក្នុងនាគពិភពនោះ ។ ជាប្រក្រតី ស្តេចទាំង ២ អង្គ តែងច្បាំងគ្នា រឿយៗ ជួនកាលព្រះបាទមគធរាជដណ្តើមយកដែនអង្គៈបាន ជួនកាលព្រះបាទ អង្គរាជដណ្តើមយកដែនមគធៈបាន ។ ថ្ងៃមួយ ព្រះបាទមគធរាជធ្វើយុទ្ធនាការជាមួយព្រះបាទអង្គរាជ ទ្រង់ បរាជ័យ ក្នុងយុទ្ធស្រង្គាម ឡើងព្រះទីនាំងគេចទៅ លុះមកដល់ចម្បានទី ទាហានរបស់ព្រះបាទអង្គរាជតាមមកទាន់ ព្រះរាជាទង់ព្រះតម្រិះថា អញ លោតទឹកឲ្យស្លាប់ប្រសើរជាងស្លាប់ក្នុងកណ្តាប់ដៃសត្រូវ ដូច្នេះហើយ ទើប ញាក់សេះព្រះទីនាំង ឲ្យលោតចូលទៅក្នុងស្ទឹង ។ គ្រានោះ ចម្បេយ្យនាគរាជ និម្មិតរតនមណ្ឌប ក្នុងអន្លង់ទឹក ចោមរោមដោយបរិវារជាច្រើន ផឹកមហាប ានៈ ។ សេះព្រះទីនាំងមួយអន្លើដោយព្រះបាទមគធៈ ក៏លិចទឹកធ្លាក់ចុះទៅ ចំពោះព្រះភក្ត្រនៃស្តេចនាគ ។