អដ្ឋកថា កឹឆន្ទជាតកទី ១
[ ៤១៤-៤២០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបោសថ កម្ម ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កឹឆន្ទោ កិមធិប្បាយោ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាជាច្រើន ដែលរក្សាឧបោសថ ដែលមកអង្គុយដើម្បីស្តាប់ព្រះធម្មទេសនា ត្រង់ ធម្មសភាថា ម្នាលឧបាសកឧបាសិកាទាំងឡាយពួកអ្នករក្សាឧបោសថឬ កាល ជនទាំងនោះទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះសាស្តាត្រាស់ថា អ្នកទាំងឡាយ ធ្វើនូវការរក្សាឧបោសថ ឈ្មោះថាបានធ្វើល្អហើយ បុរាណកបណ្ឌិតទាំងឡាយ បានទទួលយសធំក្រៃលែង ក៏ព្រោះផលនៃឧបោសថកម្មពាក់កណ្តាល កាល ពួកឧបាសកឧបាសិកាទាំងនោះទូលអារាធនា ទើបទ្រង់នាំអតីតនិទាន មក ត្រាស់ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ដោយធម៌ ។ ទ្រង់ជាអ្នកមានបសាទសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជាត្រាស់នឹងជនដ៏សេស មានអាមាត្យជាដើម ឲ្យ តាំងមាំក្នុងកុសលចរិយា មានទានជាដើម តែបុរោហិតរបស់ទ្រង់ មានប្រក្រតី ស៊ីនូវសាច់ខ្នងប្រជាជន ជាអ្នកស៊ីសំណូក វិនិច្ឆ័យក្តីដោយអំពើមិនត្រង់ ។ ក្នុងថ្ងៃឧបោសថ ព្រះរាជាត្រាស់ឲ្យមហាជន មានអាមាត្យជាដើមមកគាល់ ហើយត្រាស់ថា ពួកលោកទាំងឡាយចូរមករក្សាឧបោសថ ។ បុរោហិតក៏មិន ព្រមសមាទានឧបោសថ ។ គ្រានោះកាលព្រះរាជាកំពុងសាកសួរពួកអាមាត្យ ថា អ្នកទាំងឡាយសមាទានឧបោសថឬ ទើបត្រាស់សួរបុរោហិតនោះដែលជា អ្នកស៊ីសំណូកនិងកាត់ក្តីដោយអំពើកោងក្នុងពេលថ្ងៃ ហើយមកកាន់ទីគាល់ ថា លោកអាចារ្យ លោកសមាទានឧបោសថហើយឬ បុរោហិតនោះទូលនូវ ពាក្យកុហកថា ទូលព្រះបង្គំសមាទានហើយ ហើយក៏ចុះអំពីប្រាសាទទៅ ។