អដ្ឋកថា កុម្ភជាតកទី ២
[ ៤២១-៤២៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រី ផឹកស្រា ៥០០ ដែលជាសម្លាញ់របស់នាងវិសាខាមហាឧបាសិកា ទើបត្រាស់ ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ បតុរាសី ដូច្នេះជាដើម ។ បានឮថា គេប្រកាសរឿងមហោស្រពសុរា ក្នុងនគរសាវត្ថី ស្រី ៥០០ នាក់នោះ រៀបចំសុរា មានរសឆ្ងាញ់ទុក ដើម្បីប្តីដែលទៅលេងមហោស្រព ហើយប្រឹក្សាគ្នាថា យើងទាំងឡាយនឹងលេងមហោស្រព ដូច្នេះហើយ ទើប ជនទាំងអស់នោះនាំគ្នាទៅកាន់សម្នាក់នាងវិសាខា ហើយបបួលថា នែសម្លាញ់ ពួកយើងទៅលេងមហោស្រពជាមួយគ្នាចុះ កាលនាងវិសាខាបដិសេធថា មហោស្រពនេះ ជាមហោស្រពសុរា យើងមិនផឹកសុរាឡើយ ទើបនាំគ្នា ពោលថា សូមនាងថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធចុះ ពួកយើងនឹងលេង មហោស្រពជាមួយគ្នា ។ នាងវិសាខាទទួលពាក្យថា សាធុ ទើបបញ្ជូន មនុស្សទៅអារាធនាព្រះបរមសាស្តា ថ្វាយមហាទានហើយ កាន់យកផ្កាកម្រង និងគ្រឿងក្រអូបជាច្រើន ចោមរោមដោយស្រីទាំងនោះ ទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម្មកថាក្នុងពេលល្ងាច ។ ស្រីទាំងនោះផឹកសុរាបណ្តើរ ដើរបណ្តើរ រួមជាមួយនឹងនាងវិសាខា ឈរផឹកស្រាត្រង់ខ្លោងទ្វារហើយ ទើបចូលទៅកាន់ សម្នាក់ព្រះសាស្តាជាមួយនាងវិសាខា ។ នាងវិសាខាថ្វាយបង្គំព្រះសាស្តា ហើយ អង្គុយក្នុងចំណែកម្ខាង ។ បណ្តាស្រីទាំងនោះ ស្រីពួកខ្លះរាំ ពួកខ្លះ ឆ្គាំឆ្គងដៃនិងជើង រហូតដល់ទាស់ទែងគ្នាក្នុងសម្នាក់ព្រះសាស្តានោះឯង ព្រះសាស្តា ក៏បញ្ចេញព្រះរស្មីអំពីព្រះលោមា ដោយបំណងឲ្យស្រីទាំងនោះកើត សេចក្តីសង្វេគ ។ ងងឹតបានកើតឡើងហើយក្នុងខណៈនោះ ស្រីទាំងនោះ ភ័យខ្លាច ត្រូវមរណភ័យគំរាម ដោយហេតុនោះទើបស្រីទាំងនោះស្វាងស្រា ។