ជយទ្ទិសជាតកទី ៣

ក្បាលទី 49 · ទំព័រ 626

( មនុស្សយក្សពោលថា ) យូរណាស់ហើយ អាហារដ៏ ច្រើនទើបកើតឡើងដល់យើងក្នុងពេលបាយក្នុងថ្ងៃទី ៧ នាថ្ងៃនេះ អ្នកទើបនឹង មកពីណា មួយទៀត អ្នកជាអ្វី អ្នកចូរប្រាប់រឿងនោះ ( ដល់យើង ) អ្នកចូរប្រាប់ជាតិល្មមឲ្យយើងដឹងបាន ។ ( ព្រះបាទជយទ្ទិសៈទ្រង់តបថា ) ខ្ញុំជាស្តេចក្នុងក្រុងបញ្ចាល ឈ្មោះជយទ្ទិសៈ បើអ្នកឮហើយ ចូលមកកាន់ទីសម្លាប់ម្រឹគ ត្រាច់ទៅកាន់ទី ខាងភ្នំនិងព្រៃទាំងឡាយ សូមអ្នកពិសាបសទម្រឹគនេះចុះ សូមលែងខ្ញុំក្នុងថ្ងៃ នេះ ។ ( យក្ស… ) អ្នកឯងបៀតបៀនលោះ ( នូវខ្លួន ) ដោយ ម្រឹគជារបស់យើងដដែល អ្នកពោលនូវបសទម្រឹគណា បសទម្រឹគន៎ុះ ជា អាហាររបស់យើងស្រាប់ យើងស៊ីនូវបសទម្រឹគនោះបើចង់ស៊ី នឹងស៊ីជាខាងក្រោយ កាលនេះ មិនមែនជាកាលវិលាបទេ ។ ( ព្រះរាជា… ) បើខ្ញុំមិនរួចដោយការលោះទេ ( អ្នកចូរកាន់ យកពាក្យប្តេជ្ញា ) ដើម្បី ( ឲ្យខ្ញុំ ) ទៅហើយត្រឡប់មកវិញក្នុងពេលព្រឹក ខ្ញុំជាអ្នករក្សានូវពាក្យសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ហើយ នឹង ត្រឡប់មកវិញ ។ ( យក្ស… ) បពិត្រព្រះរាជា កម្មដូចម្តេច ដុតកម្តៅព្រះអង្គ ដែលចូលមកកេកោនឹងសេចក្តីស្លាប់ហើយ សូមព្រះអង្គប្រាប់ដល់ខ្ញុំ ក្រែង យើងអាចអនុញ្ញាតឲ្យព្រះអង្គត្រឡប់មកក្នុងវេលាព្រឹកបាន ។ ( ព្រះរាជា… ) គោលបំណងក្នុងទ្រព្យខ្ញុំបានធ្វើហើយចំពោះ ព្រាហ្មណ៍ ពាក្យប្តេជ្ញានោះក៏ជាប់នៅមិនទាន់ដោះ ខ្ញុំជាអ្នករក្សានូវសច្ចៈ ឲ្យ នូវពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ហើយនឹងត្រឡប់មកវិញ ។