អដ្ឋកថា ជយទ្ទិសជាតកទី ៣

ក្បាលទី 49 · ទំព័រ 633

[ ៤២៥-៤៥៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចិញ្ចឹមមាតាមួយរូបទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ចិរស្សំ វត មេ ដូច្នេះជាដើម ។ ក្នុងកាលនោះព្រះសាស្តាត្រាស់ថា បុរាណកបណ្ឌិតទាំងឡាយ លះនូវ ស្វេតច្ឆត្រដែលប្រដាប់ដោយកញ្ចនមាលាហើយចិញ្ចឹមមាតាបិតាដូច្នេះ កាល ភិក្ខុនោះទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅនេះថា ក្នុងអតីតកាលព្រះរាជាព្រះនាមថាបញ្ចាលរាជ សោយរាជសម្បត្តិនៅក្នុង នគរឧត្តរបញ្ចាលក្នុងកបិលរដ្ឋ ព្រះអគ្គមហេសីរបស់ទ្រង់តាំងព្រះគភ៌ ហើយ ប្រសូតព្រះរាជឱរស ។ ក្នុងភពមុន ស្រីម្នាក់រួមប្តីជាមួយនាង ខឹងអាក់អន់ ហើយក៏ប្រាថ្នាថា សូមឲ្យអញអាចទំពាស៊ីកូនរបស់នាង ដែលកើតហើយ ដូច្នេះហើយបានមកកើតជាយក្ខិនី ។ គ្រានោះយក្ខិនីនោះបានឱកាសទាំងដែល ព្រះទេវីកំពុងទតឃើញក៏ស្រវាយកព្រះរាជកុមារដែលមានពណ៌ដូចដុំសាច់ ស្រស់ ទៅទំពាស៊ីក្រួបៗហើយចៀសចេញទៅ ក្នុងវារៈទី ២ យក្ខិនីក៏បាន ធ្វើយ៉ាងនោះ តែក្នុងវារៈទី ៣ ក្នុងកាលដែលព្រះទេវី យាងចូលទៅកាន់ផ្ទះ ប្រសូតិ ពួករាជបុរសនាំគ្នាព័ទ្ធព្រះដំណាក់ចាត់ការរក្សាយ៉ាងមាំទាំ ក្នុងថ្ងៃ ដែលព្រះទេវីប្រសូត យក្ខិនីក៏មកចាប់យកទារកទៅទៀត ព្រះទេវីទ្រង់ស្រែក ឡើងថា យក្ខិនី យក្ខិនី រាជបុរសទាំងឡាយមានអាវុធគ្រប់ដៃនាំគ្នាដេញតាម យក្ខិនីតាមសញ្ញាដែលនាងប្រាប់ យក្ខិនីមិនបានឱកាសដើម្បីទំពាស៊ី គេចទៅ អំពីទីនោះចូលទៅកាន់លូទឹក ឯទារកហាមាត់បៅដោះយក្ខិនីដោយសម្គាល់ថា ជាមាតា យក្ខិនីកើតសេចក្តីស្រឡាញ់ដូចកូនរបស់ខ្លួន គេចចេញអំពីលូទឹក បានហើយទៅកាន់ទីរហោស្ថាន ធ្វើការផ្គត់ផ្គង់ទារកនោះនៅក្នុងគុហាថ្ម ។