ឆទ្ទន្តជាតកទី ៤
( ព្រះបាទពារាណសីត្រាស់សួរថា ) ម្នាលនាងសុភទ្ទា ជា ស្រីមានអវ័យវៈដូចមាស មានសម្បុរលឿងខ្ចី មានសម្បុរដ៏ប្រសើរ ថ្វីក៏បានជា នាងសោយសោក ម្នាលនាងមានភ្នែកពិសាលថ្វីក៏បានជានាងស្រពោនដូច ផ្កាឈូកដែលគេច្របាច់ ។ ( នាងសុភទ្ទាទេវីទូលថា ) បពិត្រមហារាជ ចំណង់ប្លែក កើតឡើងដល់ខ្ញុំម្ចាស់ ដោយការយល់សប្តិ តែចំណង់ប្លែករបស់ខ្ញុំម្ចាស់នោះ ហាក់ដូចជាមិនងាយរកបានទេ ។ ( ព្រះរាជា… ) កាមគុណទាំងឡាយណាមួយជារបស់មនុស្សក ្នុងលោកជាទីត្រេកអរនេះ កាមគុណទាំងអស់នោះមានច្រើនសុទ្ធតែជារបស់ យើង យើងនឹងឲ្យនូវចំណង់ប្លែកដល់នាង ។ ( នាងសុភទ្ទាទេវី… ) បពិត្រព្រះសម្មតិទេព សូមឲ្យព្រាន ទាំងឡាយដែលមាននៅក្នុងដែនរបស់ព្រះអង្គមកប្រជុំគ្នា ខ្ញុំម្ចាស់នឹងប្រាប់នូវ ចំណង់ប្លែករបស់ខ្ញុំម្ចាស់ ដល់ព្រានទាំងឡាយនុ៎ះ ។ ( ព្រះរាជា… ) ម្នាលនាងទេវី ពួកព្រានព្រៃទាំងនេះជាអ្នក មានថ្វីដៃ ជាអ្នកក្លៀវក្លា ស្គាល់ព្រៃផង ស្គាល់ម្រឹគផង សឹងតែជាអ្នកស៊ូលះបង់ នូវជីវិតក្នុងប្រយោជន៍របស់យើង ។ ( នាងសុភទ្ទាទេវី… ) ម្នាលលុទ្ទបុត្តទាំងឡាយ អ្នកទាំងឡាយ ទាំងបុន្មាននាក់ដែលមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់ ( ពាក្យរបស់ខ្ញុំចុះ ) ខ្ញុំបានយល់សប្តិឃើញដំរីស មានភ្លុកប្រាំមួយ ខ្ញុំត្រូវការដោយភ្លុកដំរីសនោះ ជីវិត ( របស់ខ្ញុំ ) នឹងមិនមានព្រោះការមិនបានភ្លុកនោះ ។ ( ពួកលុទ្ទបុត្ត… ) បិតានិងជីតារបស់ទូលព្រះបង្គំជាខ្ញុំ មិន ដែលឃើញ មិនដែលឮនូវដំរីមានភ្លុកប្រាំមួយ ដែលព្រះរាជបុត្រីបានទ្រង់ព្រះ សុបិនឃើញនោះទេ សូមព្រះនាងទ្រង់សវនីយ៍ប្រាប់នូវដំរីដ៏ប្រសើរ ប្រាកដ ដូច្នោះដល់ពួកទូលព្រះបង្គំជាខ្ញុំចុះ ។