អដ្ឋកថា ឆទ្ទន្តជាតកទី ៤

ក្បាលទី 49 · ទំព័រ 668

[ ៤៥៦-៤៨០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធភិក្ខុនី ក្រមុំមួយរូប ទើបត្រាស់ព្រះធម្មទេសនេះ មានពាក្យផ្តើមថា កិន្នុ សោចសិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនីនោះជាធីតានៃត្រកូលមួយ ក្នុងនគរសាវត្ថី ឃើញទោស ក្នុងឃរាវាសហើយចេញបួសក្នុងព្រះសាសនា ។ ថ្ងៃមួយទៅដើម្បីស្តាប់ធម៌ មួយអន្លើដោយពួកភិក្ខុនី ឃើញព្រះរូបឆោមដែលកើតឡើងដោយបុញ្ញានុភាព មិនមានប្រមាណ ប្រកបដោយរូបសម្បត្តិដ៏ឧត្តម របស់ព្រះទសពលដែល ប្រថាប់លើធម្មាសនៈដ៏ឧត្តម ទ្រង់សម្តែងព្រះធម្មទេសនា ទើបគិតថា កាល អញអន្ទោលទៅក្នុងភព ធ្លាប់ជាបាទបរិចារិកា របស់មហាបុរសនេះដែរឬទេ ហ្ន៎ ក្នុងរំពេចនោះឯងនាងក៏រពឫកជាតិបានថា អញធ្លាប់ជាបាទបរិចារិការបស់ មហាបុរសនេះ ក្នុងកាលទ្រង់ជាដំរីឆទ្ទន្ត កាលនាងរពឫកបានដូច្នោះ ក៏កើត បីតិបាមោជ្ជក្រៃលែងឡើង ។ ដោយកម្លាំងនៃបីតិទើបនាងសើចខ្លាំងៗហើយ រពឫកទៀតថា ឈ្មោះថាបាទបរិចារិកាដែលមានអធ្យាស្រ័យ ប្រាថ្នាប្រយោជន៍ ចំពោះស្វាមីមានតិច មិនបានប្រាថ្នាប្រយោជន៍មានច្រើន អញមានអធ្យាស្រ័យ ប្រាថ្នាប្រយោជន៍ចំពោះបុរសនេះដែរឬហ្ន៎ នាងរពឫកបណ្តើរ ក៏បានឃើញពិត ថា អញបានសាងកំហុសទុកក្នុងហទយៈមិនមែនតិច ជួលព្រានសោណុត្តរឲ្យ យកព្រួញលាបដោយថ្នាំពិស បាញ់ស្តេចដំរីឆទ្ទន្ត កម្ពស់ប្រមាណ ១២០ ហត្ថឲ្យដល់នូវការស្លាប់ ។ រំពេចនោះក៏មានសេចក្តីសោកកើតឡើង បេះដូង ក៏ចេញចំហាយក្តៅ មិនអាចអត់សង្កត់សេចក្តីសោកបានទើបទ្រហោយំដោយ សំឡេងខ្លាំង ។ ព្រះបរមសាស្តាទតឃើញដូច្នោះ ក៏ទ្រង់ញញឹម ភិក្ខុសង្ឃ ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាហេតុ ជាបច្ច័យនៃការធ្វើនូវការ ញញឹមឲ្យប្រាកដ ទើបត្រាស់ថា ម្នាលភិក្ខុទាំ