មហាកបិជាតកទី ៦
( ព្រះសាស្តាទ្រង់សំដែងថា ) ព្រះរាជាក្នុងក្រុងពារាណសី ព្រះអង្គញ៉ាំងដែនរបស់ពួកជនអ្នកដែនកាសីឲ្យចម្រើន ព្រះអង្គមានពួកមិត្តនិង អាមាត្យហែហម ហើយស្តេចទៅកាន់មិគាជិនឧទ្យាន ។ បានទតឃើញព្រាហ្មណ៍ម្នាក់កើតឃ្លង់ស ឃ្លង់ពពាល កើតស្រែង មានសាច់លៀនចេញដូចជា ផ្ការលួសផ្អុង ស្គម ឡើងសរសៃរវាម ក្នុងមិគាជិនឧទ្យាននោះ ។ ព្រះរាជា ទ្រង់ទតឃើញជនមានសេចក្តីលំបាក ដល់នូវភាពគួរអាណិតក្រៃលែង ទ្រង់ស្ញើប ទ្រង់ត្រាស់សួរថា បណ្តាពួកយក្ស អ្នកជាយក្សអ្វី ។ ដៃនិងជើង របស់អ្នកសផង ក្បាលរបស់អ្នកសលើសជាងដៃនិងជើងនោះផង ខ្លួនរបស់ អ្នកមានសម្បុរពព្រុសផង មានស្រែងដ៏ច្រើនផង ។ ខ្នងរបស់អ្នករដិបរដុប ដូចជាលួសដែលវេញផង អវ័យវៈរបស់អ្នកដូចវល្លិលែនពែនផង យើងមិន ដែលឃើញបុគ្គលដទៃបែបនេះឡើយ ។ អ្នកមានជើងប្រឡាក់ដោយធូលី ជា អ្នកតក់ស្លុត ស្គម ឡើងសរសៃរវាម ស្រេកឃ្លាន មានសភាពជាអ្នកមិន ឆ្អែត តើអ្នកមកអំពីទីណា នឹងទៅក្នុងទីណា ។ អ្នកជាបុគ្គលលំបាកមើល មិនមានទ្រង់ទ្រាយ មានសម្បុរមិនល្អ មើលទៅគួរខ្លាច សូម្បីតែមាតាបង្កើត របស់អ្នកក៏មិនចង់ឃើញអ្នកដែរ ។ អ្នកបានធ្វើនូវអំពើដូចម្តេចក្នុងកាលមុន អ្នកបានបៀតបៀននូវសត្វដែលមិនគួរសម្លាប់ដូចម្តេច អ្នកធ្វើនូវអំពើអាក្រក់ ណាក៏បាននូវសេចក្តីទុក្ខនេះ ។ ( ព្រាហ្មណ៍ក្រាបបង្គំទូលថា ) បើដូច្នោះ អ្នកឈ្លាសវៃ ( និយាយ ) យ៉ាងណា ទូលព្រះបង្គំជាខ្ញុំ នឹងទូលយ៉ាងនោះ ព្រោះថាក្នុង លោកនេះ អ្នកប្រាជទាំងឡាយ តែងសរសើរបុគ្គលអ្នកនិយាយពាក្យពិត ។ ទូលព្រះបង្គំជាខ្ញុំតែម្នាក់ឯង កាលដើររកគោ ក៏វង្វេងដើរចូលទៅក្នុងព្រៃសូន្យ សុង ជាព្រៃដាច់ទឹក ព្រៃស្ងាត់ឈឹងដែលពួកដំរីផ្សេងៗនៅហើយ ។