អជបលនិគ្រោធកថា
លុះថ្ងៃ ៧ កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ ចេញចាកសមាធិនោះ ហើយទ្រង់ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ ដើមអជបាលនិគ្រោធ លុះចូលទៅដល់ហើយ ទ្រង់គង់ពែនភ្នែនតែមួយបង្គុយ អស់ ៧ ថ្ងៃក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស សោយវិមុត្តិសុខ ( គឺសុខ ក្នុងផលសមាបត្តិ ) ។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ ( មានជាតិជាអ្នកធ្វើ នូវសំឡេងគម្រាមថា ហុំហុំ ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏រីករាយមួយអន្លើដោយព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួរ ជាទីរីករាយ គួរជាទីរពឫកឲ្យសម្រេចហើយក៏ស្ថិតនៅក្នុងកន្លែងដ៏សមគួរ ។ លុះព្រាហ្មណ៍នោះស្ថិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលដែលបានឈ្មោះ ថា ព្រាហ្មណ៍ ដោយហេតុប៉ុន្មានយ៉ាង ម្យ៉ាងទៀត ធម៌អ្វីខ្លះសម្រាប់ធ្វើ បុគ្គលឲ្យជាព្រាហ្មណ៍ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវ សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា ព្រាហ្មណ៍ណា មានបាបធម៌បណ្តែតចោលហើយ មានសំឡេងគំរាមថា ហុំហុំ លះចោល ហើយ មានទឹកម្ចត់ គឺរាគាទិក្កិលេសលះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ ( គឺមគ្គញ្ញាណទាំង ៤ ) មានមគ្គព្រហ្មចរិយៈនៅរួចហើយ ។ ម្យ៉ាងទៀត ព្រាហ្មណ៍ណាមិនមានគំនរ គឺរាគាទិក្កិលេសក្នុងអារម្មណ៍បន្តិច បន្ទួចក្នុងលោកសន្និវាស ព្រាហ្មណ៍នោះគួរនឹងហៅខ្លួនថា ជាព្រាហ្មណ៍ដោយ ធម៌បាន ។