អដ្ឋកថា រាជាយតនកថា
បទថា មុចលិន្ទមូលា បានដល់ ចាកគល់រាំងអន្លក់ដែលតាំង នៅទិសខាងកើតអំពីមហាពោធិ៍ ។ បទថា រាជាយតនំ សេចក្តីថា ទ្រង់ចូលទៅកាន់គល់កែសដែលតាំង នៅទិសទក្សិណ ។ បទថា តេន ខោ បន សមយេន មានពាក្យសួរថា ដោយសម័យ ណា ឆ្លើយថា កាលព្រះមានព្រះភាគ ប្រថាប់ដោយការគង់ពត់ព្រះភ្នែនតែ ម្យ៉ាង អស់ ៧ ថ្ងៃត្រង់គល់កែស សក្កទេវរាជទ្រង់ជ្រាបថា ត្រូវមានកិច្ច ទាក់ទងដោយព្រះក្រយាហារ ទើបទ្រង់បង្អោនថ្វាយនូវផ្លែសម៉ ជាព្រះឱសថ ក្នុងវេលាអរុណរះ ក្នុងថ្ងៃដែលទ្រង់ចេញអំពីសមាធិនោះឯង ។ ព្រះមានព្រះភាគ ទ្រង់សោយផ្លែសម៉ឱសថនោះ លុះសោយស្រេចបុណ្ណោះ ក៏មានកិច្ច ទាក់ទងដោយព្រះសរីរៈ សក្កទេវរាជបានថ្វាយទឹកខ្ពុរព្រះឱស្ឋហើយ ។ ព្រះមាន ព្រះភាគទ្រង់ខ្ពុរព្រះឱស្ឋហើយ ប្រថាប់គង់ត្រង់គល់ឈើនោះឯង កាល ព្រះមានព្រះភាគប្រថាប់គង់ក្នុងកាលអរុណរះហើយ ដោយប្រការយ៉ាងនោះ ដោយសម័យនោះឯង ។ ពីរបទថា តបុស្សភល្លិកា វាណិជា បានដល់ ពាណិជ ២ នាក់បងប្អូន គឺតបុស្សៈ ភល្លិកៈ ១ ។ បទថា ឧក្កលា បានដល់ អំពីឧក្កលជនបទ ។ ពីរបទថា តំ បទេសំ សេចក្តីថា កាន់ប្រទេសដែលទ្រង់គង់របស់ព្រះមាន ព្រះភាគ ។ សួរថា ព្រះមានព្រះភាគ ទ្រង់នៅក្នុងបទេសណា ឆ្លើយថា ក្នុងមជ្ឈិម ប្រទេស ។ ព្រោះដូច្នោះ ក្នុងពាក្យនេះ ទើបមានអត្ថដូចពាណិជ ២ នាក់ នោះដែលជាអ្នកដើរផ្លូវឆ្ងាយ ដើម្បីទៅកាន់មជ្ឈិមប្រទេស ។ ពីរបទថា ញាតិសាលោហិតា ទេវតា បានដល់ ទេវតាដែលធ្លាប់ជា ញាតិរបស់ពាណិជ ២ នាក់នោះ ។