ព្រហ្មយាចនកថា

ក្បាលទី 5 · ទំព័រ 36

លុះថ្ងៃ ៧ កន្លងទៅហើយ លំដាប់នោះ ព្រះមានជោគទ្រង់ ក្រោកចាកសមាធិនោះ ហើយយាងចេញអំពីក្រោមម្លប់រាជាយតនៈហើយ យាងចូលទៅកាន់ដើមអជបាលនិគ្រោធវិញ ។ បានឮថា ព្រះដ៏មានព្រះភាគក៏ គង់នៅក្រោមម្លប់អជបាលនិគ្រោធនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគគង់ សម្ងំនៅក្នុងទីស្ងាត់តែមួយព្រះអង្គ ទើបទ្រង់ព្រះតម្រិះយ៉ាងនេះថា ក៏ធម៌ ដែលតថាគតបានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ គឺសត្វ ឃើញបានដោយកម្រ ជាធម៌ គឺសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌រម្ងាប់ ទុក្ខ ជាធម៌ដ៏ឧត្តម ជាធម៌ដែលសត្វមិនគប្បីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ បាន ជាធម៌ដ៏ល្អិត ជាធម៌លុះតែអ្នកប្រាជទើបត្រាស់ដឹងបាន ក៏ឯពពួកសត្វ នេះសុទ្ធ តែនៅកំពុងរីករាយក្នុងសេចក្តីអាល័យ កំពុងត្រេកត្រអាលក្នុង សេចក្តីអាល័យ កំពុងស្រើបស្រាលក្នុងសេចក្តីអាល័យ ( ចំពោះកាមទាំងឡាយនៅឡើយ ) ក៏បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ជាហេតុនាំឲ្យពពួកសត្វនៅរីករាយក្នុងសេចក្តីអាល័យ នៅត្រេកត្រអាលក្នុងសេចក្តីអាល័យ នៅស្រើបស្រាលក្នុងសេចក្តីអាល័យ ឃើញបានដោយកម្រ ម្យ៉ាងទៀត ធម៌ណា សម្រាប់រម្ងាប់បង់នូវសង្ខារទាំងពួង សម្រាប់លះចោលនូវឧបធិ គឺខន្ធ និងកិលេសទាំងអស់ ជាទីអស់ទៅ នៃតណ្ហា ជាទីណាយចាករាគៈ ជាទីរលត់នៃទុក្ខ គឺនិព្វាន ធម៌ទាំងអម្បាល នេះ ជាហេតុដែលពពួកសត្វឃើញបានដោយកម្រក្រៃពេក បើទុកជាតថាគត សម្តែងធម៌ទៅ ក៏គង់សត្វទាំងឡាយដទៃ មិនអាចនឹងត្រាស់ដឹងនូវធម៌របស់ តថាគតបានឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខ ជានឹងមានដល់តថាគតមិនខាន ។ ម្យ៉ាងទៀត ព្រះគាថាទាំងឡាយ ជាហេតុ អស្ចារ្យសមគួរនេះ ព្រះដ៏មានព្រះភាគមិន