បថមភាណវារ
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា តថាគត គួរសម្តែងធម៌ដល់អ្នកណាជាមុនហ្ន៎ អ្នកណាអាចត្រាស់ដឹងធម៌នេះឆាប់រហ័ស បាន ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រិះរិះយ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាសវាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកយូរមកហើយ បើដូច្នោះ គួរតថាគត សម្តែងធម៌ដល់អាឡារតាបសកាលាមគោត្រជាមុនចុះ តាបសនោះនឹងត្រាស់ដឹង ធម៌នេះឆាប់រហ័សបាន ។ គ្រានោះ មានទេវតា ( អង្គមួយ ) មានរូប មិនប្រាកដ ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន អាឡារតាបសកាលាមគោត្រធ្វើកាលកិរិយាស្លាប់ទៅ ៧ ថ្ងៃហើយ ។ ព្រះដ៏ មានព្រះភាគក៏ទ្រង់ជ្រាបថា អាឡារតាបសកាលាមគោត្រ ធ្វើកាលកិរិយា ស្លាប់ទៅ ៧ ថ្ងៃហើយ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា អាឡារតាបសកាលាមគោត្រ ( ន៎ុះ ) មានសេចក្តីសាបសូន្យធំ ប្រសិនបើ តាបសនោះបានស្តាប់ធម៌នេះ ក៏គប្បីត្រាស់ដឹងធម៌បានមួយរំពេច ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា តថាគតសម្តែងធម៌ដល់អ្នកណាជាមុន អេះ អ្នកណានឹងត្រាស់ដឹងធម៌នេះឆាប់រហ័សបាន ។ ព្រះដ៏មានព្រះភាគក៏ ទ្រង់ព្រះតម្រិះក្នុងលំដាប់នោះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯងជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាសវាងវៃ ជាអ្នកមានបញ្ញា មានធូលីគឺរាគាទិក្កិលេសតិចក្នុង ភ្នែកយូរណាស់មកហើយ បើដូច្នោះ គួរតថាគតសម្តែងធម៌ដល់ឧទ្ទក-