អដ្ឋកថា យសកថា

ក្បាលទី 5 · ទំព័រ 101

បទថា បុព្វានុបុព្វកានំ បានដល់ ចាស់ជាលំដាប់ ដោយ អំណាចតំណវង្សគ្នាមក ។ បទថា តេន ខោ បន សមយេន ឯកសដ្ឋី លោកេ អរហន្តោ ហោន្តិ សេចក្តីថា ខាងក្នុងវស្សាបុណ្ណោះ មានមនុស្សជាព្រះអរហន្ត ៦១ អង្គ គឺពួកមុន ៦ អង្គ និងពួកក្រោយ ៥៥ អង្គទៀត ។ បណ្តាមនុស្សទាំងនោះ យសកុលបុត្រជាដើម មានបុព្វយោគដូចតទៅនេះ បានឮថា ក្នុង អតីតកាល សម្លាញ់ ៥៥ នាក់ធ្វើបុណ្យរួមជាមួយគ្នា ទើបនាំគ្នាជួយរៀបចំ បុណ្យសពមនុស្សអនាថា ។ ថ្ងៃមួយ ពួកបុរសទាំងនោះ ជួបស្រីមានគភ៌ ធ្វើកាលកិរិយា គិតថា នឹងដុត ទើបនាំទៅកាន់ព្រៃខ្មោច ។ ក្នុងពួកបុរស ទាំងនោះ វៀរទុកត្រង់ព្រៃខ្មោច ៥ នាក់ ប្រាប់ថា ចូរនាំគ្នាដុតសព ចំណែក មនុស្សដ៏សេស នាំគ្នាចូលស្រុក ។ លុះយសជាអ្នកមានវ័យក្មេងចាក់ទម្លុះ និងប្រែសាកសពនោះឲ្យឆេះ ក៏បានអសុភសញ្ញា គាត់បានបង្ហាញដល់ជន ៤ នាក់ទៀតថា អ្នកដ៏ចម្រើន ចូរមើលរបស់មិនស្អាត គួរខ្ពើមនេះ ។ ជន ៤ នាក់នោះ ក៏បានអសុភសញ្ញាក្នុងសពនោះផងដែរ ។ ពួកគាត់ទាំង ៥ នាំគ្នា ទៅស្រុកហើយ ប្រាប់ដល់សម្លាញ់ដ៏សេស ។ ឯយសមាណពដែលជាអ្នក មានវ័យក្មេងទៅស្រុកហើយ បានប្រាប់ដល់មាតាបិតា និងភរិយា ។ ជនទាំងអស់ នោះ បានចម្រើនអសុភសញ្ញាផងដែរ ។ បុព្វយោគរបស់ជនទាំងនេះ មាន ប្រមាណបុណ្ណេះ ។ ព្រោះហេតុនោះ ការសម្គាល់ក្នុងអ្នករបាំថា ដូចជាព្រៃខ្មោច នោះឯង បានកើតឡើងដល់ព្រះយសដ៏មានអាយុ ។ និងដោយឧបនិស្ស័យ សម្បត្តិនោះ ការសម្រេចធម៌វិសេស បានកើតដល់បុគ្គលទាំងនោះ ។