ភទ្ទវគ្គិយសហាយកថា
គ្រានោះ ព្រះដ៏មានព្រះភាគនៅចាំវស្សារួចហើយត្រាស់ហៅ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏ប្រសើរតថាគត បានសម្រេចហើយ អរហត្តផលវិមុត្តិដ៏ប្រសើរតថាគតបានធ្វើឲ្យជាក់ច្បាស់ ហើយ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អ ជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកទាំងឡាយក៏បានសម្រេចនូវ អរហន្តផលវិមុត្តិដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ។ គ្រានោះ ក្រុងមារជាអ្នកមានចិត្តអាក្រក់ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយទើបពោលពាក្យជាគាថា នឹងព្រះដ៏មានព្រះភាគ ថា បពិត្រព្រះសមណៈ អន្ទាក់ទាំងឡាយណាៗ ទោះបីជា របស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយដោយ អន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ ព្រះអង្គជាប់ជំពាក់ ហើយដោយចំណងរបស់មារ ព្រះអង្គមិនរួច ( អំពី វិស័យ ) ខ្ញុំឡើយ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏លាមក អន្ទាក់ទាំងឡាយណាៗ ទោះបីជារបស់ ទេវតាក្តី ជារបស់មនុស្សក្តី តថាគតរួចស្រឡះហើយចាក អន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ តថាគតរួចហើយ ចាកចំណងរបស់មារ អ្នកឯងសោតក៏តថាគតនាំចេញចាក ពុតកំណាច ( គឺតថាគតផ្ចាញ់ផ្ចាល ) ហើយ ។ គ្រានោះ ក្រុងមារជាអ្នកមានចិត្តបាបកើតទុក្ខតូចចិត្តថា ព្រះដ៏មាន ព្រះភាគទ្រង់ស្គាល់អញ ព្រះសុគតទ្រង់ស្គាល់អញ ហើយក៏អន្តរធានបាត់ ទៅអំពីកន្លែងនោះឯង ។