អដ្ឋកថា ភទ្ទវគ្គិយសហាយកថា
បទទាំងឡាយថា មយ្ហំ ខោ ភិក្ខវេ មានអត្ថថា មយា ខោ ម្យ៉ាងទៀត មានសេចក្តីថា ការធ្វើក្នុងចិត្តដោយឧបាយរបស់តថាគត អធិប្បាយថា ព្រោះធ្វើក្នុងចិត្តដោយឧបាយរបស់តថាគតជាហេតុ ។ កាល ផ្លាស់វិភត្តិហើយ ក៏គប្បីពោលពាក្យថា មយា ជា អនភិហិតកត្តា ក្នុង បទថា អនុប្បត្តា នេះទៀត ( ព្រោះ មយ្ហំ ជាសាមីសម្ពន្ធទៅហើយ ) ។ បទថា ភទ្ទវគ្គិយា សេចក្តីថា បានឮថា សម្លាញ់ទាំងនោះ ជារាជកុមារ ដែលមានសេចក្តីចម្រើនដោយរូបរាង និងចិត្ត ត្រាច់ទៅជាមួយគ្នា ជាពួកតែមួយ ព្រោះដូច្នោះ ទើបលោកហៅថា ភទ្ទវគ្គិយ វោ អក្ខរៈ ក្នុងបទថា តេនហិ វោ ដូច្នេះ ត្រឹមតែជានិបាត ។ ពីរបទថា ធម្មចក្ខុំ ឧទបទិ សេចក្តីថា សោតាបត្តិមគ្គបានកើតឡើង ដល់ជនពួកខ្លះ សកទាគាមិមគ្គបានកើតឡើងដល់ជនពួកខ្លះ អនាគាមិមគ្គ បានកើតឡើងដល់ជនពួកខ្លះ ពិតហើយ មគ្គទាំង ៣ នេះ លោកហៅថា ធម្មចក្ខុ ។ បានឮថា សម្លាញ់ទាំងនោះ បានជាអ្នកលេង ៣០ នាក់ ក្នុង តុណ្ឌិលជាតក ។ គ្រានោះ ជនទាំងនោះបានស្តាប់តុណ្ឌិលោវាទហើយ រក្សា សីល ៥ ។ បុព្វកម្មរបស់សម្លាញ់ទាំងនោះ មានប្រមាណបុណ្ណេះ ។ បដិហារ្យជាបឋម គ្រានោះ ព្រះដ៏មានព្រះភាគត្រាច់ទៅកាន់ចារិកតាមលំដាប់ ក៏ទ្រង់ពុទ្ធដំណើរសំដៅទៅកាន់ឧរុវេលាប្រទេស ។ សម័យនោះឯង ជដិល ៣ នាក់ ( ជាបងប្អូននឹងគ្នា ) គឺឧរុវេលកស្សប ១ នទីកស្សប ១ គយាកស្សប ១ អាស្រ័យនៅក្នុងឧរុវេលាប្រទេស ( នោះ ) ។ បណ្តាជដិល ទាំងនោះ មានជដិលឈ្មោះឧរុវេលកស្សបជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តមប្រសើរជាងជដិល ៥០០ នាក់ ។