ពិម្ពិសារកថា
កាលនោះ ព្រះដ៏មានព្រះភាគគង់លើខ្នងថ្មឈ្មោះគយាសីសៈ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន ១០០០ អង្គ គឺបុរាណជដិលទាំងអស់ នោះឯង ។ លំដាប់នោះ ព្រះដ៏មានព្រះភាគត្រេចទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងរាជគ្រឹះ ។ មានសេចក្តីតំណាលថា ព្រះដ៏មានព្រះភាគគង់ នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន ទៀបក្រុងរាជគ្រឹះនោះ ។ ព្រះបាទមាគធសេនិយពិម្ពិសារ បានទ្រង់ព្រះសណ្តាប់ដំណឹង ច្បាស់ថា ព្រះសមណគោតមដ៏ចម្រើនជាសក្យបុត្រ ចេញចាកសក្យត្រកូល ហើយបួស ឥឡូវយាងមកកាន់ក្រុងរាជគ្រឹះ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុង លដ្ឋិវនឧទ្យាន ( សួនច្បារត្នោត ) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏ពីរោះរបស់ ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គ ឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប ច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើ គ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និង មនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងត្រឡប់មក កាន់ភពថ្មីទៀតដោយប្រការដូច្នេះ ព្រះដ៏មានព្រះភាគនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គឯង ហើយញ៉ាំងលោកនេះ ព្រមទាំងទេវ-