អដ្ឋកថា ឧបជ្ឈាយវត្តកថា
បទថា អនុបជ្ឈាយកា សេចក្តីថា វៀរចាកគ្រូដែលសម្លឹង ទោសតូច និងទោសធំ ។ បទថា អនាកប្បសម្បន្នា បានដល់ បុគ្គលដែលមិនដល់ព្រមដោយ មារយាទ អធិប្បាយថា ប្រាសចាកមារយាទដែលសមគួរដល់សមណៈ ។ បទថា ឧបរិភោជនេ បានដល់ ខាងលើនៃភោជន ។ បទថា ឧត្តិដ្ឋបត្តំ បានដល់ បាត្រសម្រាប់ត្រាច់ទៅដើម្បីបិណ្ឌ ពិត ហើយ មនុស្សទាំងឡាយ មានការសម្គាល់ក្នុងបាត្រនោះថា ជាសំណល់ ព្រោះហេតុនោះ ទើបលោកពោលថា ឧត្តិដ្ឋបត្តំ ។ ម្យ៉ាងទៀត អ្នកសិក្សា គប្បីឃើញសេចក្តីក្នុងបទថា ឧត្តិដ្ឋបត្តំ នេះ យ៉ាងនេះថា ភិក្ខុទាំងឡាយ ឈរ បង្អោនបាត្រចូលទៅ ។ បទថា អនុជានាមិ ភិក្ខវេ ឧបជ្ឈាយំ សេចក្តីថា តថាគតអនុញ្ញាត ឥឡូវនេះ ដើម្បីឲ្យភិក្ខុកាន់យកនូវឧបជ្ឈាយ៍ ។ ពីរបទថា បុត្តចិត្តំ ឧបដ្ឋបេស្សតិ សេចក្តីថា ព្រះឧបជ្ឈាយ៍នឹងចូលទៅ តាំងចិត្តទុកដោយអំណាចសេចក្តីស្រឡាញ់ ដូចបិតា និងបុត្រយ៉ាងនេះថា បុគ្គលនេះជាបុត្ររបស់អាត្មាអញ ក្នុងបទទី ២ ក៏ន័យនេះ ។ ពីរបទថា សគារវា សប្បតិស្សា សេចក្តីថា ឧបជ្ឈាយ៍ និងសទ្ធិវិហារិក នឹងចូលទៅតាំងភាពជាអ្នកធ្ងន់ និងភាពជាអ្នកធំដល់គ្នានិងគ្នា ។ បទថា សភាគវុត្តិកា បានដល់ មានភាពជាអ្នកនៅត្រូវចំណែកគ្នា ។ ប្រាំបទ មានបទថា សាហូតិ វា ជាដើម ជាវេវចនៈនៃពាក្យទទួល ជាឧបជ្ឈាយ៍ ។ ពីរបទថា កាយេន វិញ្ញាបេតិ សេចក្តីថា កាលសទ្ធិវិហារិកពោល ៣ ដងថា សូមលោកម្ចាស់ជាឧបជ្ឈាយ៍របស់ខ្ញុំចុះ ។ យ៉ាងនោះហើយ បើ ព្រះឧបជ្ឈាយ៍ទទួលការកាន់យកនូវឧបជ្ឈាយ៍ថា ឧបជ្ឈាយ៍ក៏អ្នកកាន់យក ហើយ ដូច្នេះ ដោយកាយក្តី វាចាក្តី កាយវាចាក្តី ដោយអំណាចបទនីមួយៗ មាន សាហុ ជាដើម ឧបជ្ឈាយ៍ឈ្មោះថា សទ្ធិវិហារិកកាន់យកហើយ ។