សទ្ធិវិហារិកវត្តកថា
ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តឲ្យស្រួលល្អនឹង សទ្ធិវិហារិក ។ ឯការដែលប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិកនោះ ( ដូច សេចក្តីតទៅនេះ ) ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ ( ត្រូវ ទំនុកបម្រុង ) ត្រូវអនុគ្រោះ ( អាណិតអាសូរ ) សទ្ធិវិហារិកដោយការ បង្រៀនបាលីដោយអដ្ឋកថា ( ពន្យល់នូវសេចក្តីនៃបាលី ) ដោយឲ្យដំបូន្មាន ( ដោយសេចក្តីពន្យល់ការខុសត្រូវជាមុន ) ដោយពាក្យប្រៀនប្រដៅ ( ដោយពាក្យរំលឹកដាស់តឿនរឿយៗ ) ។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រត្រូវឧបជ្ឈាយ៍ឲ្យបាត្រទៅសទ្ធិវិហារិក ( ប្រើប្រាស់ខ្លះផង ) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិក នឹងបានបាត្រ បើឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មានចីវរ ត្រូវឧបជ្ឈាយ៍ឲ្យ ចីវរទៅសទ្ធិវិហារិក ( ប្រើប្រាស់ខ្លះផង ) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ សេចក្តីខ្វល់ខ្វាយ់ថា ចីវររបស់សទ្ធិវិហារិកគប្បីកើតឡើងដូចម្តេចហ្ន៎ បើ ឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿងបរិក្ខារ ត្រូវឧបជ្ឈាយ៍ឲ្យ គ្រឿងបរិក្ខារទៅសទ្ធិវិហារិក ( ប្រើប្រាស់ខ្លះផង ) ម្យ៉ាងទៀត ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខាររបស់សទ្ធិវិហារិក គប្បីកើតឡើង ដោយឧបាយដូចម្តេចហ្ន៎ ។ បើសទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈបើមានបបរត្រូវឧបជ្ឈាយ៍លាង ភាជន៍ ហើយដាក់បបរឲ្យទៅ កាលសទ្ធិវិហារិកដែលឈឺនោះហុតទឹកបបរ រួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ រួចទទួលយកភាជន៍មកវិញដោយស្រួល