អដ្ឋកថា សទ្ធិវិហារិកវត្តកថា

ក្បាលទី 5 · ទំព័រ 217

គប្បីជ្រាបវិនិច្ឆ័យក្នុងការដែលឧបជ្ឈាយ៍ប្រព្រឹត្តប្រពៃក្នុង សទ្ធិវិហារិកតទៅ បទថា សង្គហេតព្វោ អនុគ្គហេតុព្វោ សេចក្តីថា ឧបជ្ឈាយ៍ គប្បីធ្វើការជួយសង្គ្រាះ និងអនុគ្រោះសទ្ធិវិហារិកដោយកិច្ច មានឧទ្ទេស ជាដើម ។ ក្នុងកិច្ច មានឧទ្ទេសជាដើមនោះ ឧទ្ទេសនោះ បានដល់ ការប្រាប់ បាលី ។ បរិបុច្ឆានោះ បានដល់ អត្ថនៃបាលី ។ ឱវាទនោះ បានដល់ ការពោល ថា ចូរធ្វើយ៉ាងនេះ ចូរកុំធ្វើយ៉ាងនេះ ក្នុងកាលរឿងមិនទាន់កើត ។ អនុសាសនីនោះ បានដល់ ការពោលយ៉ាងនោះ ក្នុងកាលរឿងកើតហើយ ។ ប្រការមួយទៀត រឿង ទោះកើតក្តី មិនកើតក្តី ការពោលដំបូង ឈ្មោះថា ឱវាទ ការទូន្មានរឿយៗ ឈ្មោះអនុសាសនី ។ បទថា សចេ ឧបជ្ឈាយស្ស បត្តោ ហោតិ សេចក្តីថា បើអតិរេកបាត្រមាន មានន័យដូចគ្នាគ្រប់អន្លើ សមណបរិក្ខារដទៃ ឈ្មោះថា បរិក្ខារ ។ ការស្រាវជ្រាវរកឧបាយដែលកើតឡើង ដោយន័យដែលប្រកបដោយធម៌ ឈ្មោះថា ការខ្នះខ្នែងក្នុងសទ្ធិវិហារិកវត្តនេះ ។ បន្ទាប់ពីនេះទៅ វត្តចាប់តាំងពី ឲ្យឈើស្ទន់ដល់ទីបំផុត បន្ថែមទឹកក្នុងឆ្នាំងជម្រះ ឧបជ្ឈាយ៍គួរធ្វើដល់សទ្ធិវិហារិកក្នុងកាលដែលមានជំងឺ ម្យ៉ាងទៀត កិច្ច មានការនាំត្រាច់ទៅដើម្បី រម្ងាប់ការអផ្សុកជាដើម សូម្បីសទ្ធិវិហារិកមិនឈឺ ឧបជ្ឈាយ៍គួរធ្វើពិត ។ បទថា ចីវរំ រជន្តេន សេចក្តីថា កាលបានស្តាប់ឧបាយអំពីឧបជ្ឈាយ៍ ថា គប្បីជ្រលក់យ៉ាងនេះ ហើយសឹមជ្រលក់ ពាក្យដ៏សេសគប្បីជ្រាបតាម ន័យដែលពោលហើយនោះឯង ។