អាចរិយវត្តកថា

ក្បាលទី 5 · ទំព័រ 237

សម័យនោះឯង មានមាណពម្នាក់ចូលទៅរកពួកភិក្ខុហើយ សូមផ្នួស ។ ភិក្ខុទាំងនោះ ក៏បានប្រាប់និស្ស័យដល់មាណពនោះជាមុន ។ មាណពនោះបានពោលយ៉ាងនេះវិញថា បពិត្រលោកម្ចាស់ដ៏ចម្រើន ប្រសិនបើ ខ្ញុំបានបួសរួចហើយ សឹមលោកម្ចាស់ទាំងឡាយប្រាប់និស្ស័យដល់ខ្ញុំ ( នោះ ) ខ្ញុំទទួលត្រេកអរយក បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ ខ្ញុំមិនបួសទេ ( ព្រោះ ) និស្ស័យជាទីបដិកូលគួរខ្ពើមរអើមដល់ខ្ញុំ ។ ភិក្ខុទាំងនោះបាន ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវប្រាប់និស្ស័យជាមុនទេ ភិក្ខុណាប្រាប់ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់និស្ស័យ ជាបន្ទាប់អំពីឧបសម្បទាកម្មមក ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា ( ដល់កុលបុត្រ ) ដោយគណៈ គឺភិក្ខុពីររូបខ្លះ បីរូបខ្លះ បួនរូបខ្លះ ។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវឲ្យឧបសម្បទា ( ដល់កុលបុត្រ ) ដោយគណៈតិចជាងពី ១០ រូបឡើយ ភិក្ខុណាឲ្យឧបសម្បទា ( ដូច្នេះ ) ត្រូវ អាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា ( ដល់កុលបុត្រ ) ដោយគណៈត្រឹម ១០ រូប ឬច្រើនជាង ១០ រូបឡើង ទៅបាន ។ សម័យនោះឯង ភិក្ខុទាំងឡាយ ខ្លះបួសបាន ១ វស្សា ខ្លះ បាន ២ វស្សា ក៏ឲ្យឧបសម្បទាដល់សទ្ធិវិហារិក ។ ចំណែកខាងព្រះ ឧបសេនដ៏មានអាយុជាកូនវង្គន្តព្រាហ្មណ៍បួសបាន ១ វស្សា ឲ្យឧបសម្បទា សទ្ធិវិហារិកដែរ ។ ព្រះឧបសេននោះ លុះនៅចាំវស្សាបាន ២ វស្សារួចហើយ ក៏នាំយកសទ្ធិវិហារិកដ