អដ្ឋកថា អញ្ញតិត្ថិយវត្ថុកថា
គប្បីជ្រាបវិនិច្ឆ័យក្នុងអញ្ញតិត្ថិយបុព្វវត្ថុតទៅថា បសុរបរិព្វាជកនេះ មិនគួរឲ្យឧបសម្បទា ព្រោះត្រឡប់ទៅចូលតិរ្ថិយហើយ ឯ តិរ្ថិយដទៃណា ដែលមិនធ្លាប់បួសក្នុងសាសនានេះ ចូលមក កិច្ចណាគួរធ្វើ សម្រាប់តិរ្ថិយនោះ គប្បីសម្តែងកិច្ចនោះ ទើបព្រះមានព្រះភាគត្រាស់បទថា យោ ភិក្ខវេ អញ្ញោបិ ជាដើម ។ ក្នុងបទនោះ មានវិនិច្ឆ័យដូច្នេះ បទថា តស្ស ចត្តារោ មាសេ បរិវាសោ ទាតព្វោ សេចក្តីថា ដែលឈ្មោះថា តិត្ថិយបរិវាសនេះ លោក ហៅថា អប្បដិច្ឆន្នបរិវាសក៏មាន ។ ឯតិត្ថិយបរិវាសនេះ គួរឲ្យដល់អាជីវក ឬអចេលក៍ ដែលជាបរិព្វាជកអាក្រាតបុណ្ណោះ បើបុគ្គលនោះស្លៀកសំពត់ សាដកក្តី ឬបណ្តាសំពត់វាឡកម្ពលជាដើម ដែលជាទង់ជ័យក្តី នៃតិរ្ថិយណាមួយ មក មិនគួរឲ្យបរិវាសដល់បុគ្គលនោះឡើយ ម្យ៉ាងទៀត អ្នកបួសដទៃ មានតាបស និងតាបសស្លៀកសជាដើម ក៏មិនគួរឲ្យដូចគ្នា ។ ព្រះមានព្រះភាគ ទ្រង់សម្តែងសាមណេរបព្វជ្ជាសម្រាប់បុគ្គលនោះមុន ដោយពាក្យជាដើម ថា បឋមំ កេសមស្សុំ ។ ភិក្ខុទាំងឡាយដែលនឹងឲ្យបួសយ៉ាងនោះ មិនគប្បី ប្រើភិក្ខុទាំងឡាយថា លោកចូរឲ្យបួស លោកចូរជាអាចារ្យ លោកចូរជា ឧបជ្ឈាយ៍ ក្នុងកាលកុលបុត្រដែលធ្លាប់ជាអន្យតិរ្ថិយនោះ អង្គុយក្នុងជំនុំសង្ឃ ស្រេចបាច់ហើយ ព្រោះភិក្ខុទាំងឡាយ ដែលត្រូវប្រើយ៉ាងនោះ បើស្អប់ខ្ពើម ដោយភាពជាអាចារ្យ ឬឧបជ្ឈាយ៍របស់បុគ្គលនោះ បើមិនទទួល ពេលនោះ កុលបុត្រនោះ នឹងក្រោធថា ភិក្ខុទាំងនេះមិនជឿអញ ហើយគប្បីចៀសចេញ ទៅក៏បាន ព្រោះហេតុនោះ ភិក្ខុទាំងឡាយគប្បីនាំចូលទៅទុកផ្នែកម្ខាង ហើយ សឹមរកអាចារ្យ និងឧបជ្ឈាយ៍សម្រាប់បុគ្គលនោះ ។ ដើម្បីសម្តែងបរិវាសវត្តនៃកុលបុត្រ ដែលធ្លាប់ជាអន្យតិរ្ថិយនោះ ទើប ព្រះមានព