ចោរកថា

ក្បាលទី 5 · ទំព័រ 322

កាលនោះឯង ចោរឈ្មោះអង្គុលិមាលបួសនៅក្នុងសំណាក់ ភិក្ខុទាំងឡាយ ។ មនុស្សទាំងឡាយបានឃើញហើយ ខ្លះភ្ញាក់ផ្អើល ខ្លះតក់ស្លុត ខ្លាច ខ្លះរត់ទៅ ខ្លះដើរទៅទីដទៃ ខ្លះបែមុខចេញទៅផ្សេង ខ្លះបិទទ្វារ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជា សក្យបុត្រមិនសមបើនឹងបំបួសចោរដែលប្រាកដដូចទង់ជ័យ ( គឺចោរដែល មានឈ្មោះល្បីល្បាញដូច្នេះ ) សោះ ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាល នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបភិក្ខុទាំងឡាយនោះ ក្រាលទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល ភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសចោរដែលប្រាកដដូចទង់ជ័យឡើយ ភិក្ខុ ណាបំបួស ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ព្រះបាទពិម្ពិសារសេនិយៈជាធំក្នុងដែន មគធៈបានទ្រង់អនុញ្ញាតថា ជនទាំងឡាយណាដែលបួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយដល់ជនពួកនោះមិនបានឡើយ ( ព្រោះថា ) ធម៌ព្រះដ៏មានព្រះភាគទ្រង់សម្តែងល្អហើយ ជនពួកនោះចូរខំប្រព្រឹត្ត ព្រហ្មចរិយធម៌ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ ក៏ សម័យនោះ មានបុរសម្នាក់ធ្វើចោរកម្មហើយជាប់ទោសនៅក្នុងគុក ។ បុរស នោះទម្លាយគុកបានហើយ ក៏រត់ទៅបួសក្នុងសំណាក់ភិក្ខុ ។ មនុស្សទាំងឡាយ បានឃើញហើយនិយាយពាក្យយ៉ាងនេះថា ភិក្ខុនេះឯងដែលជាចោរទម្លាយគុក ហ៎ ពួកយើងចូរនាំចោរនោះទៅ ។ ពួកមនុស្សខ្លះនិយាយយ៉ាងនេះថា នែ