ឥណាយិកកថា

ក្បាលទី 5 · ទំព័រ 331

សម័យនោះឯង មានបុរសម្នាក់ជាមនុស្សជំពាក់បំណុលគេ ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ពួកម្ចាស់ទ្រព្យបានឃើញ ហើយ ក៏និយាយពាក្យយ៉ាងនេះថា បុរសនេះហើយ ដែលជំពាក់បំណុល យើងនោះ បើដូច្នោះ ពួកយើងនាំវាទៅ ។ មនុស្សមួយពួកក៏និយាយយ៉ាង នេះថា ម្នាលអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំនិយាយពាក្យដូច្នេះ ព្រះបាទ ពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា អ្នកណា បួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អ្នកណាមួយធ្វើទោសអ្វីៗ ដល់ អ្នកនោះមិនបានឡើយ ធម៌ ព្រះដ៏មានបុណ្យសម្តែងហើយដោយពីរោះ អ្នក ទាំងនោះចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយ ល្អចុះ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកស មណៈជាសក្យបុត្រទាំងនេះ ជាបុគ្គលបានព្រះរាជអភ័យ ពួកសមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសមនុស្ស ដែលជំពាក់បំណុលគេ ( ដូច្នេះ ) សោះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តី នុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញាត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសមនុស្សដែលជំពាក់បំណុលគេទេ ភិក្ខុណាបំបួសត្រូវ អាបត្តិទុក្កដ ។ ឥណាយិកវត្ថុ ក្នុងបទថា ន ភិក្ខវេ ឥណាយិកោ ជាដើម មានវិនិច្ឆ័យ ថា ទ្រព្យដែលបិតា និងជីតារបស់បុរសណាខ្ចីយកទៅក្តី បំណុលដែលបុរស ណាខ្ចីឯងក្តី ទ្រព្យណាមួយ ដែលមាតាបិតាយកកូនទៅបញ្ចាំទុក ហើយយក ទ្រព្យគេទៅក្តី បុរសនោះឈ្មោះថា កូនបំណុល បុរសនោះត្រូវទទួលបំណុល នោះនៃជនដទៃ ព្រោះដូច្នោះ ទើបឈ្មោះថា កូនបំណុល តែបើញាតិដទៃ ប្រគល់កូនណាទុកជារបស់បញ្ចាំ ហើយខ្ចីទ្រព្យខ្លះទៅ បុរសនោះ មិនឈ្មោះ ថា កូនបំណុលទេ ។