ភណ្ឌុកម្មកថា
សម័យនោះឯង មានត្រកូលមួយធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ ។ ត្រកូលនោះនៅសល់តែបិតានិងបុត្រតូច ។ បិតានិ ងបុត្រតូចទាំងពីរនាក់នោះ បានទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ក៏ត្រាច់ ទៅបិណ្ឌបាតតែជាមួយគ្នា ។ ឯទារកនោះ កាលបើមានគេឲ្យបាយដល់បិតា ក៏ស្ទុះចូលទៅជិតហើយ និយាយពាក្យនេះថា នែពុក ចូរឲ្យខ្ញុំផង នែពុក ចូរឲ្យខ្ញុំផង ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រទាំងនេះ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ ( សេពមេថុនធម្ម ) ទារកនេះកើតអំពីភិក្ខុនី ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុទាំងនោះ ក៏ក្រាបទូល សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារកដែលមានអាយុថយអំពី ១៥ ឆ្នាំ គឺបួសជា សាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះអានន្ទដ៏មាន អាយុជាត្រកូលមានសទ្ធានិងជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ ។ នៅសល់តែទារកពីរនាក់ ។ ទារកទាំងនោះឃើញភិក្ខុទាំងឡាយដោយសារ ធ្លាប់ស្គាល់មកពីដើម ក៏ស្ទុះចូលទៅជិត ។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ ។ កាលបើភិក្ខុទាំងឡាយបណ្តេញចេញហើយ ទារកទាំងនោះក៏យំ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុបានរិះគិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្ត ។ ហើយថា ទារកដែលមានអាយុថយអំពី ១៥ ឆ្នាំ ភិក្ខុមិនត្រូវបំបួស ក៏ឥឡូវនេះ ទារកទាំងនេះមានអាយុថយអំពី ១៥ ឆ្នាំ ដោយទំនងដូចម្តេចហ្ន៎ ទើប បានទារកទាំងនេះមិនគប្បីវិនាស គឺមិនសាបសូន្យចាកផ្នួស ។ គ្រានោះ ព្រះអានន្ទ ដ៏មានអាយុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។