ឬស្រុកទាំងមូលអនុញ្ញាតទុកថា
បពិត្រលោកម្ចាស់ ក្នុងត្រកូល ឬក្នុងស្រុកនេះ លោកម្ចាស់ប្រាថ្នានឹងឲ្យអ្នកណាបួស គប្បីឲ្យអ្នកនោះបួស ចុះ ដូច្នេះ ។ ភិក្ខុប្រាថ្នាបុគ្គលណា គប្បីឲ្យបុគ្គលនោះបួសបាន ។ នាសនង្គទណ្ឌកម្ម សម័យនោះឯង សាមណេរទាំងឡាយមិនគោរព មិន កោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នាក្នុងភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរមិនសមបើមិន គោរព មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នាក្នុងភិក្ខុទាំងឡាយ ( ដូច្នេះ ) សោះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មាន បុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ ភិក្ខុធ្វើទណ្ឌកម្មដល់សាមណេរ ដែលប្រកបដោយអង្គទាំងឡាយ ៥ គឺ សាមណេរព្យាយាម ដើម្បីនឹងឲ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ ១ សាមណេរព្យាយាមដើម្បីមិនឲ្យជាប្រយោជន៍ដល់ភិក្ខុទាំងឡាយ ១ សាមណេរ ព្យាយាមដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបាននូវលំនៅ ១ សាមណេរជេរគំរាម នូវភិក្ខុទាំងឡាយ ១ សាមណេរញ៉ាំងភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុទាំងឡាយ ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទណ្ឌកម្មដល់ សាមណេរដែលប្រកបដោយអង្គទាំងឡាយ ៥ នេះ ។ លំដាប់តពីនោះមកភិក្ខុ ទាំងឡាយបានត្រិះរិះនូវសេចក្តីនេះថា យើងទាំងឡាយគប្បីធ្វើទណ្ឌកម្ម ដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវ អាវរណកម្ម គឺកិរិយាហាមប្រាម ( ថា អ្នកកុំចូលមកក្នុងទីនេះ ) ។