មាតុឃាតកាទិកថា

ក្បាលទី 5 · ទំព័រ 418

សម័យនោះឯង មាណពម្នាក់ផ្តាច់ជីវិតមាតា ។ មាណព នោះកើតទុក្ខអៀនអន់ ខ្ពើមរអើមនឹងកម្មដ៏លាមកនោះ ។ គ្រាតមក មាណព នោះក៏មានគំនិតយ៉ាងនេះថា អញនឹងជីករំលើងបាបកម្មនេះចោលចេញដោយ ឧបាយដូចម្តេចហ្ន៎ ។ លំដាប់ពីនោះមកទៀត មាណពនោះត្រិះរិះដូច្នេះថា សមណៈជាសក្យបុត្រទាំងឡាយនេះ លោកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្ត ប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ បើសិនជា អញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើង កម្មដ៏លាមកនេះបានដោយទំនងយ៉ាងនេះឯង មិនលែងឡើយ ។ មាណព នោះក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង ។ ភិក្ខុទាំងឡាយ និយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុនមាននាគមកបួសក្នុងសំណាក់ពួកភិក្ខុ ដោយភេទជាមាណពម្តង ទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមឲ្យលោកជម្រះ សួរមាណពនេះទៀត ។ ឯមាណពនោះកាលបើត្រូវព្រះឧបាលិដ៏មានអាយុ ជម្រះសួរទៅហើយ ក៏ប្រាប់រឿងរាវនុ៎ះតាមត្រង់ ។ ព្រះឧបាលិដ៏មានអាយុ តំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់មាតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ( បើ ) ជាឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ ។ សម័យនោះឯង មាណពម្នាក់ផ្តាច់ជីវិតបិតា ។ មាណព នោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងបាបកម្មនោះ ។ លំដាប់ពីនោះមក មាណពនោះមានគំនិតយ៉ាងនេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹង ជីករំលើងកម្មដ៏លាមកនេះចោលចេញបាន ។ គ្រាតមកទៀត មាណពនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកសមណៈជាសក្យបុត្រទាំងនេះជា