ឧភតោព្យញ្ជនកកថា
សម័យនោះឯង មានមនុស្សឧភតោព្យញ្ជនក ( មនុស្សមាន ភេទពីរ ) ម្នាក់ បួសក្នុងសំណាក់ពួកភិក្ខុ ។ ឧភតោព្យញ្ជនកនោះធ្វើ ( មេថុន ) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើនឹងខ្លួនខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូល សេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ឧភតោព្យញ្ជនក ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យ ឧបសម្បទាឡើយ ( បើ ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ឧភតោព្យញ្ជនកវត្ថុ បទថា ឧភតោព្យញ្ជនកោ មានអត្ថវិគ្គហៈថា និមិត្ត ជាគ្រឿងប្រាកដ ដែលតាំងឡើងដោយកម្ម ២ យ៉ាង គឺដោយកម្មជាហេតុ ញ៉ាំងឥត្ថីនិមិត្តឲ្យកើតឡើង ១ ដោយកម្មជាហេតុញ៉ាំងបុរិសនិមិត្តឲ្យកើតឡើង ១ របស់បុគ្គលនោះមាន ហេតុនោះ បុគ្គលនោះឈ្មោះថា ឧភតោព្យញ្ជនកៈ ។ បទថា ករោតិ សេចក្តីថា រមែងធ្វើខ្លួនឯង ដោយការប្រព្រឹត្តកន្លង ដោយអំណាចមេថុនក្នុងស្ត្រីទាំងឡាយ ដោយបុរិសនិមិត្ត ។ បទថា ការាបេតិ សេចក្តីថា រមែងបបួលបុរសដទៃឲ្យធ្វើការប្រព្រឹត្តក ន្លងដោយអំណាចមេថុនក្នុងឥត្ថីនិមិត្តរបស់ខ្លួន ។ ឧភតោព្យញ្ជនៈនោះ មាន ២ ប្រភេទ គ្រឺស្តីឧភតោព្យញ្ជនកៈ ១ បុរសឧភតោព្យញ្ជនកៈ ១ ក្នុងប្រភេទទាំង ២ នោះ ឥត្ថីនិមិត្តរបស់ស្ត្រី ឧភតោព្យញ្ជនកៈប្រាកដ បុរិសនិមិត្តជារបស់កំបាំង បុរិសនិមិត្តរបស់បុរស ឧភតោព្យញ្ជនកៈប្រាកដ ឥត្ថីនិមិត្តជារបស់កំបាំង កាលស្ត្រីឧភតោព្យញ្ជនៈ ធ្វើកិច្ចរបស់បុរសក្នុងស្ត្រីទាំងឡាយ ឥត្ថីនិមិត្តរមែងជារបស់កំបាំង បុរិសនិមិត្តប្រាកដ កាលបុរសឧភតោព្យញ្ជនៈចូលដល់ភាពជ្រាស្តីសម្រាប់ពួក បុរស បុរិសនិមិត្តជារបស់កំបាំង ឥត្ថីនិមិត្តប្រាកដ ។