អដ្ឋកថា សីមាកថា
គប្បីកំណត់និមិត្តមុននោះ សេចក្តីថា ព្រះវិនយធរគប្បី សួរថា ក្នុងទិសបូណ៌ អ្វីជានិមិត្ត កាលអ្នកដទៃណាមួយឆ្លើយថា ភ្នំ លោក ម្ចាស់ ព្រះវិនយធរគប្បីប្រារព្ធពាក្យថា ភ្នំនោះជានិមិត្ត ។ គប្បីកំណត់និមិត្ត មុនយ៉ាងនេះ ។ តែបើកំណត់យ៉ាងនេះថា យើងទាំងឡាយនឹងធ្វើភ្នំនោះជា និមិត្ត នឹងធ្វើភ្នំនោះជានិមិត្ត ធ្វើភ្នំនោះជានិមិត្តហើយ ភ្នំនោះចូរជានិមិត្ត ជា និមិត្តហើយ នឹងជានិមិត្ត ដូច្នេះ ប្រើការមិនបាន ។ សូម្បីក្នុងនិមិត្តទាំងឡាយ មានថ្មជាដើម មានន័យដូចគ្នា ព្រះវិនយធរសួរនិមិត្តទៅដោយ លំដាប់យ៉ាងនេះថា ក្នុងទិសតូចនៃទិសបូព៌ ក្នុងទក្សិណ ក្នុងទិសតូច នៃទិសទក្សិណ ក្នុងទិសបស្ចឹម ក្នុងទិសតូចនៃទិសបស្ចឹម ក្នុងទិសឧត្តរ ក្នុងទិសតូចនៃទិសឧត្តរ អ្វីជានិមិត្ត កាលបុគ្គលណាមួយឆ្លើយថា ទឹក លោកម្ចាស់ កាលខ្លួនប្រារព្ធថា ទឹកនោះជានិមិត្តហើយ កុំឈប់ក្នុងទិសនេះ គប្បីសួរដដែលទៀតថា ក្នុងទិសបូព៌ មានអ្វីជានិមិត្ត កាលបុគ្គលណាមួយ ឆ្លើយថា ភ្នំ លោកម្ចាស់ គប្បីប្រារព្ធថា ភ្នំនោះជានិមិត្ត គប្បីធ្វើកំណត់និមិត្ត ដែលបានកំណត់ទុកជាបឋមយ៉ាងនេះហើយ សឹមឈប់ ។ ពិតហើយ ដោយ ការកំណត់យ៉ាងនេះ និមិត្ត និងនិមិត្ត ទើបឈ្មោះថា ជាប់គ្នា ។ កាល កំណត់និមិត្តយ៉ាងនេះហើយ លំដាប់នោះ គប្បីកំណត់សីមាដោយកម្មវាចា ដែលព្រះមានព្រះភាគត្រាស់ទុកជាលំដាប់ទៅ ។ ក្នុងទីបំផុតនៃកម្មវាចា ផ្ទៃដី ខាងក្នុងនិមិត្តទាំងឡាយ រមែងជាសីមា តួនិមិត្តទាំងឡាយជាខាងក្រៅសីមា ។