ចោទនាវត្ថុភាណវារ
ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវអាបត្តិក្នុងឧបោសថថ្ងៃ នោះ ។ ទើបភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់ បញ្ញត្តហើយថា មិនត្រូវភិក្ខុប្រកបដោយអាបត្តិធ្វើឧបោសថទេ ក៏អាត្មាអញ ត្រូវអាបត្តិហើយ ត្រូវអញប្រតិបត្តិដូចម្តេចទៅ ។ ភិក្ខុទាំងឡាយក្រាបទូល ដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ ទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិក្នុងឧបោសថថ្ងៃនោះ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាងអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយយ៉ាងនេះថា នែ អាវុសោ ខ្ញុំត្រូវអាបត្តិមានឈ្មោះនេះ ខ្ញុំសូមសម្តែងនូវអាបត្តិនោះ ។ ភិក្ខុមិន ត្រូវអាបត្តិនោះគប្បីសួរភិក្ខុត្រូវអាបត្តិនោះថា លោកឃើញអាបត្តិនោះឬ ។ ភិក្ខុអ្នកត្រូវអាបត្តិគប្បីប្រាប់ថា អើ ខ្ញុំឃើញ ។ ភិក្ខុមិនត្រូវអាបត្តិគប្បីប្រាប់ ថា លោកគប្បីសង្រួមតទៅ ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះមាន ភិក្ខុមានសេចក្តីសង្ស័យក្នុងអាបត្តិក្នុងឧបោសថថ្ងៃនោះ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុមួយរូប ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយ ច្រហោងផ្គងអញ្ជលីឡើងហើយត្រូវនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំមាន សេចក្តីសង្ស័យក្នុងអាបត្តិមានឈ្មោះនេះ កាលណាខ្ញុំអស់សង្ស័យ ខ្ញុំនឹង សម្តែងអាបត្តិនោះក្នុងកាលនោះ លុះនិយាយហើយត្រូវធ្វើឧបោសថត្រូវស្តាប់ បាតិមោក្ខ មិនត្រូវធ្វើសេចក្តីអន្តរាយដល់ឧបោសថព្រោះហេតុប៉ុណ្ណោះឡើយ ។