អតិរេកានុវត្តិកថា
វិនិច្ឆ័យក្នុងពាក្យថា អាគន្តុកេហិ អាវាសិកានំ អនុវត្តិតព្វំ គប្បីជ្រាបដូច្នេះថា ពួកភិក្ខុម្ចាស់កន្លែង គប្បីធ្វើបុព្វកិច្ចថា អជ្ជ បវារណា ចាតុទ្ទសី នោះឯង ។ សូម្បីក្នុងបវារណាថ្ងៃ ១៥ ក៏មានន័យដូចគ្នា ។ ក្នុងបទខាងចុងនៃព្រះបាលីនោះថា អាវាសិកេហិ និស្សីមំ គន្តា បវា- រេតព្វំ មានវិនិច្ឆ័យក្រៅបាលីដូច្នេះថា បើភិក្ខុ ៥ រូបចាំវស្សាក្នុងវស្សូបនាយិកាខាងដើម ៥ រូបទៀត ចាំវស្សាក្នុងវស្សូបនាយិកាខាងក្រោយ បើភិក្ខុ ពួកដំបូងតាំងញត្តិបវារណាហើយ ភិក្ខុពួកក្រោយគប្បីធ្វើបារិសុទ្ធិឧបោសថ ក្នុងសម្នាក់របស់លោក កុំគប្បីតាំងញត្តិ ២ ដង ក្នុងរោងឧបោសថជាមួយគ្នា ។ បើមានភិក្ខុ ៤ រូប ៣-២ រូប ឬ ១ រូបក្តី ចាំវស្សាក្នុងវស្សូបនាយិកាក្រោយ មានន័យដូចគ្នា ។ បើភិក្ខុដែលចាំវស្សាដើម ៤ រូប សូម្បីថ្ងៃ ចូលវស្សាក្រោយមាន ៤-៣ រូប ឬមួយរូបក្តី ក៏មានន័យដូចគ្នា ។ សូម្បី ក្នុងថ្ងៃចូលវស្សាដើម មាន ៣ រូប ក្នុងថ្ងៃចូលវស្សាក្រោយមាន ៣-២-១ រូបក្តី ក៏មានន័យដូចគ្នា ។ នេះជាលក្ខណៈក្នុងបវារណាធិការនេះ ដូច្នេះថា បើភិក្ខុចាំវស្សាក្នុងថ្ងៃ ចូលវស្សាក្រោយ តិចជាងភិក្ខុដែលចាំវស្សាក្នុងថ្ងៃចូលវស្សាដើម ឬស្មើគ្នា និងឲ្យគ្រប់គណៈសង្ឃបវារណាបាន គប្បីតាំងញត្តិដោយអំណាចសង្ឃបវារណា ម្យ៉ាងទៀត បើក្នុងវស្សូបនាយិកាដើម មានភិក្ខុ ៣ រូប ក្នុង វស្សូបនាយិកាក្រោយ មានត្រឹមមួយរូប រួមគ្នាជា ៤ រូប ភិក្ខុ ៤ រូប បើ តាំងញត្តិជាសង្ឃ ហើយបវារណា មិនគួរឡើយ ។