ចម្មក្ខន្ធកៈ

ក្បាលទី 5 · ទំព័រ 801

សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់នៅលើភ្នំគិជ្ឈកូដ ទៀប ក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារសោយរាជ្យជា ឥស្សរាធិបតីលើអ្នកស្រុកទាំង ៨ ម៉ឺន ។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះសោណៈ ជាកោឡិវិសគោត្រ ហើយជាសុខុមាល ជាតិ ។ សេដ្ឋីបុត្រនោះមានរោមជាច្រើនដុះត្រង់បាតជើងទាំងពីរ ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារទ្រង់ប្រជុំពួកអ្នកស្រុកទាំង ៨ ម៉ឺន ហើយ ទ្រង់បញ្ជូនរាជបម្រើទៅក្នុងសំណាក់សោណកោឡិវិស ដោយមានកិច្ចអ្វីនីមួយ ថា សោណៈចូរមក ដ្បិតយើងចង់ឲ្យសោណៈមក ។ វេលានោះឯង ឯមាតាបិតា នៃសោណកោឡិវិសបាននិយាយពាក្យនេះនឹងសោណកោឡិវិសថា នែ សោណៈកូន ឥឡូវស្តេចចង់ទតមើលជើងរបស់អ្នក នែសោណៈកូន អ្នកឯង កុំចាំបាច់លាជើងបង្ហាញស្តេចឡើយ អ្នកឯងចូរអង្គុយពែនភ្នែនចំពោះព្រះភក្ត្រ ស្តេចចុះ កាលបើអ្នកអង្គុយនៅហើយ ស្តេចគង់នឹងទតឃើញជើងអ្នក ហើយ ។ គ្រានោះឯង ពួកជនក៏បាននាំសោណកោឡិវិសមកដោយគ្រែស្នែង ( មកថ្វាយស្តេច ) ។ ខណៈនោះ សោណកោឡិវិសក៏បានចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះបាទ មាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែនចំពោះព្រះភក្ត្រស្តេច ។ ឯ ព្រះបាទមាគធសេនិយពិម្ពិសារ ក៏បានទតទៅឃើញរោមទាំងឡាយដែលដុះ ពេញបាតជើងរបស់សោណកោឡិវិស ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារទ្រង់បានប្រដៅនូវប្រយោជន៍ ទាំងឡាយជាបច្ចុប្បន្ន ចំពោះ ពួកអ្នកស្រុកទាំង ៨ ម៉ឺននោះស្រេចហើយ ក៏ទ្រង់បញ្ជូនទៅវិញថា នែនាយ ទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នាក្នុងប្រយោជន៍ជាបច្ចុប្បន្នហើយ អ្នក ទាំងឡាយចូរនាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់ព្រះដ៏មាន ព្រ