អដ្ឋកថា តេសកុណជាតកទី ១

ក្បាលទី 50 · ទំព័រ 9

[ ៥៦៧-៥៧៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ត្រាស់ ព្រះធម្មទេសនានេះ ដោយទំនងនៃការថ្វាយឱវាទដល់ព្រះបាទកោសល មាន ពាក្យផ្តើមថា វេស្សន្តរំ តំ បុច្ឆាមិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះសាស្តាត្រាស់យាងព្រះរាជានោះ ដែលយាងមក ដើម្បីស្តាប់ព្រះធម្មទេសនាហើយត្រាស់ថា មហាបពិត្រ ធម្មតាព្រះរាជា គួរ គ្រងរាជ្យដោយធម៌ ព្រោះសម័យណា ព្រះរាជាមិនតាំងនៅក្នុងធម៌ សម័យ នោះ ខ្ញុំរាជការទាំងឡាយ ក៏ជាអ្នកមិនតាំងនៅក្នុងធម៌ ដូច្នេះហើយ ទ្រង់ទូន្មាន ដោយន័យនៃព្រះសូត្រ ដែលមកក្នុងចតុក្កនិបាត ហើយត្រាស់ពណ៌នាទោស និងអានិសង្សក្នុងការលុះអំណាចអគតិ និងមិនលុះអំណាចអគតិ ទ្រង់ញ៉ាំង ទោសក្នុងកាមទាំងឡាយឲ្យពិស្តារ ដោយន័យជាដើមថា កាមទាំងឡាយប្រៀប ដូចការយល់សប្តិ ហើយត្រាស់ថា បពិត្រមហារាជ ការដោះដូរជាមួយមច្ចុ រមែងមិនមានដល់សត្វទាំងនោះ ការទទួលសំណូកក៏មិនមាន ការច្បាំងក៏មិនមាន ជ័យជម្នះក៏មិនមាន សត្វទាំងអស់ សុទ្ធតែមានសេចក្តីស្លាប់ជាទីបំផុត ។ កាលសត្វទាំងនោះ ទៅកាន់បរលោក វៀរកល្យាណធម៌ ដែលខ្លួនធ្វើ ទុកហើយ ឈ្មោះថាទីពឹងដទៃមិនមានឡើយ ចាំបាច់ត្រូវលះវត្ថុដែលប្រាកដ តិចតួចយ៉ាងនេះទៅ ពិតប្រាកដ មិនគួរអាស្រ័យយស ធ្វើនូវសេចក្តីប្រមាទ ជាអ្នកចូលចិត្តបុគ្គលមិនប្រមាទ សោយរាជ្យដោយធម៌តែម្យ៉ាង កាលព្រះពុទ្ធ មិនទាន់កើតឡើង បុរាណកក្សត្រទាំងឡាយ តាំងនៅក្នុងឱវាទរបស់បណ្ឌិត សោយរាជ្យដោយធម៌ យាងទៅកាន់ទេវនគរ ស្តេចកោសលក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី មិនមានព្រះរាជឱរស ទោះបីទ្រង់ប្រាថ្នា ក៏មិនបានព្រះរាជ